ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី២ តាមរយៈប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ «CCCA3» បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី២ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធី CCCA3 ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងស្ថានទូតស៊ុយអែត (Sweden) ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផងដែរ នាថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១

ថ្លែងក្នុងកិច្ចចាប់ផ្ដើមបើកអង្គប្រជុំ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃទៀតនៅលើពិភពលោកកំពុងតែប្រឈមនឹងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាបាន និងកំពុងតែគ្រប់គ្រងស្ថានការណ៍ និងហានិភ័យនៃការរាតត្បាតជំងឺនេះលើសុខភាពរបស់ប្រជាជនយ៉ាងមានប្រសិទ្ធភាព ជាពិសេសការពន្លឿនចាក់វ៉ាក់សាំងជូនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ។ ជំងឺកូវីដ១៩ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកសេដ្ឋកិច្ច ប៉ុន្តែយើងគួរចងចាំថាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបង្កហានិភ័យកាន់តែខ្លាំងក្លា និងយូរអង្វែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងផែនការអភិវឌ្ឍន៍របស់ប្រទេស។ ឯកឧត្តម បានបន្ថែមទៀតថា នេះគឺជាពេលវេលាដ៏ល្អដែលយើងត្រូវគិតគូរអំពីមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលមានភាពធន់ទៅនឹងផលប៉ះពាល់ពីកត្តាខាងក្រៅ ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាហានិភ័យចំពោះសុខភាពផ្សេងៗទៀត។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលការងារសម្រេចបានសំខាន់ៗក្នុងឆ្នាំ២០២០ និងបានអនុម័តលើផែនការសកម្មភាពសម្រាប់ទិសដៅបន្ត ឆ្នាំ២០២១ និង២០២២។ កិច្ចប្រជុំក៏បានបង្ហាញអំពីផែនការនិងដំណើរការរៀបចំផែនការរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា ដំណើរការរៀបចំប្រព័ន្ធការវាស់វែង ការរាយការណ៍ និងការផ្ទៀងផ្ទាត់ដែលមាននៅក្នុងរបាយការណ៍បច្ចុប្បន្នភាព (NDC) ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner