យុវតីខ្មែរប្រែពីការងារ Design មកបង្កើតម៉ាកសម្លៀកបំពាក់នារី ដាក់លក់តាម Onlineបានរាប់ម៉ឺនឈុត

ភ្នំពេញ ៖ ថ្មីៗនេះទីផ្សារលក់ទំនិញតាម  Online ជាពិសេសគ្រឿងក្រអូប គ្រឿងសម្អាងជាដើមតែងទទួលបានការពេញនិយមយ៉ាងក្រាស់ក្រែល ថែមទាំងមានដំណាងចែកចាយជាច្រើនទៀតផង។ ដោយឡែក បងប្អូនប្រហែលជាមិនសូវឃើញពីការលក់សម្លៀកបំពាក់ច្នៃម៉ូដខ្លួនឯង បង្កើតម៉ាកខ្លួនឯង និងមានដំណាងចែកចាយនោះទេ។ 

កញ្ញា ផានី សុផារក្សា ជាម្ចាស់ម៉ាក (Brand) R&R ដែលជាម៉ាកសម្លៀកបំពាក់បង្កើតឡើងដោយកញ្ញាផ្ទាល់ទៅលើការច្នៃម៉ូដ ហើយបញ្ជូនទៅកាន់រោងចក្រនៅប្រទេសថៃដើម្បីកាត់ដេរចេញជាផលិតផលសម្រេច។

កញ្ញាបានរៀបរាប់ប្រាប់ឱ្យដឹងថា កញ្ញាបានបញ្ចប់ការសិក្សានៅ Setec Institute និងធ្លាប់ធ្វើជា Designer ​ហាត់ការនៅក្រុមហ៊ុនមួយ។ ទន្ទឹមនឹងនោះ ដោយសារតម្រូវការជីវភាព កញ្ញាក៏បានឆ្លៀតពេលលក់គ្រឿងក្រអូបតាមបណ្ដាញសង្គម(Facebook)ផង និងធ្វើការក្រុមហ៊ុនផង ហើយការលក់នោះគ្រាន់តែជាធ្វើជាដំណាងចែកចាយរបស់គេ លក់ផលិតផលរបស់គេតែប៉ុណ្ណោះ។ ការធ្វើការផង និងរកស៊ីផង កញ្ញាមិនអាចរត់រួចនោះទេ ហើយក៏សម្រេចចិត្តរើសយកមុខរបរមួយដែលមានភាពម្ចាស់ការលើខ្លួនឯងវិញ។

ដោយបានឃើញពីបទពិសោធន៍របស់បងស្រីរបស់ខ្លួនដែលជាអ្នករកស៊ីខាងនៅប្រទេសថៃ ហើយបានយកប៉ាន់គំរូសម្លៀកបំពាក់ខ្លះមកផ្ទះផងនោះ កញ្ញាក៏បានចាប់អារម្មណ៍សួរនាំព័ត៌មានលម្អិតទាក់ទងនឹងទំនិញម៉ាកផ្ទាល់ខ្លួន (Brand) ហើយបន្ទាប់មកកញ្ញាក៏បានសាកល្បងលក់ក្នុងទំហំប្រមាណ ៥០០ឈុត គឺលក់ឱ្យតែរួចថ្លៃដើមឱ្យគេសិនក្នុងជំហានដំបូង។ ប៉ុន្តែជាលទ្ធផលក្នុងការលក់គឺទទួលបានផលចំណេញគ្រាន់បើ ដែលជាហេតុធ្វើឱ្យកញ្ញាចាប់អារម្មណ៍កាន់តែខ្លាំងលើអាជីវកម្មមួយនេះ។

លើសពីនេះ ដោយហេតុតែកញ្ញាជានិស្សិតជំនាញផ្នែក Design ស្រាប់ ហើយមានបងស្រីជាអ្នករកស៊ីក្នុងវិស័យនេះផងដែរនោះ កញ្ញាក៏បានធ្វើការពិភាក្សារឿងកាត់ស្តុក កុងត្រា ព័ត៌មានផ្សេងៗ ជាមួយខាងរោងចក្រនៅប្រទេសថៃ។ 

កញ្ញាបានប្រាប់ទៀតថា បើយកឥវ៉ាន់ស្រាប់ពីខាងរោងចក្រថៃ ម៉ូដដែលចេញមកគេយកទៅចែកចាយផ្សេងៗទៀត តែបើយើងច្នៃខ្លួនឯង យើងធ្វើកុងត្រារក្សាសិទ្ធិម៉ូដរបស់យើងជាមួយខាងរោងចក្របាន។ កញ្ញាក៏បានពិគ្រោះជាមួយអ្នកម្ដាយ និងបងស្រីជាដៃគូ ក៏បានសម្រេចចិត្តថា ធ្វើកម្ចីធនាគាក្នុងស្រុកមួយដើម្បីចាប់ផ្ដើមមុខរបរនេះ។ 

ការចាប់ផ្ដើមដំបូង យុវតីរូបនេះបានប្រាប់ AMS ថា គេត្រូវការដើមទុនប្រមាណជាង 1 ម៉ឺនដុល្លារ ដោយសារសម្លៀកបំពាក់1 ឈុតត្រូវបញ្ជាទិញចាប់ពី 1,500 ទៅ 2,000 ឈុតទើបខាងរោងចក្រគេធ្វើឱ្យ។ ការលក់ដំបូង កញ្ញាទទួលបានលទ្ធផលដែលមិនគួរឱ្យនឹងស្មានដល់ក្នុងចំនួន 1,500ឈុត កញ្ញាលក់អស់ក្នុងរយៈពេលតែ 5ថ្ងៃប៉ុណ្ណោះ។ 

ដោយមើលឃើញពីសម្ទុះនៃការគាំទ្ររបស់អតិថិជន និងមានបទពិសោធន៍ធ្វើជាដំណាងចែកចាយផងនោះ កញ្ញាក៏បានចាប់ផ្ដើមធ្វើជាតារាងតម្លៃសម្រាប់អ្នកចង់យកទៅចែកចាយបន្ត ដោយអ្នកអាចយកពី5ឈុតក្នុងតម្លៃ 45ដុល្លា 10ឈុតមានតម្លៃ 80ដុល្លា និងតម្លៃបោះដុំផ្សេងៗទៀត។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner