ពីសំណល់សំបកគ្រាប់កាំភ្លើងក្លាយជាគ្រឿងអលង្ការដ៏ស្រស់ស្អាតក្រោមគំនិតច្នៃប្រឌិតដោយសិប្បករខ្មែរ

ក្រោមគំនិតច្នៃប្រឌិត និងមានសិល្បៈផ្នែកបង្កើតគ្រឿងអលង្កា បុរសម្នាក់ដែលជាសិប្បករខ្មែរ និងបានបាត់​បង់ឪពុកនៅក្នុងរបបខ្មែរក្រហម បាន​បង្កើត​គំនិតយកសំបកគ្រាប់គ្រាប់កាំភ្លើងមកច្នៃចេញជាគ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើ ។

លោក ធឿន ចន្ថា ម្ចាស់ហាង Angor Bullet Jewellery បានប្រាប់ឱ្យដឹងថា ៖ « ខ្ញុំបង្កើតហាងនេះឡើងដោយសារតែខ្ញុំជាកូនកំព្រា ព្រោះឪពុកខ្ញុំត្រូវបាន​សម្លាប់​ដោយខ្មែរក្រហម ដូច្នេះនៅពេលដែលខ្ញុំឃើញ សំបកគ្រាប់កាំភ្លើង ខ្ញុំចង់ផ្លាស់ប្ដូរវាពីវត្ថុដែលគួរឱ្យខ្លាច ក្លាយទៅជាគ្រឿងអលង្ការ​គួរជាក្ដី​ប្រាថ្នា​របស់មនុស្សគ្រប់គ្នាវិញ»។

លោកបន្តទៀតថា ហាងនេះបានបង្កើតឡើងជាង10ឆ្នាំមកហើយដោយមានសង្វាក់ផលិតកម្មប្រហាក់ប្រហែលទៅនឹងជាងទងដែរ។ ក្នុងការចាប់ផ្ដើម​អាជីវកម្មមួយនេះ លោកបានប្រើដើមទុនប្រមាណ 500ដុល្លារដែលជាប្រាក់ខែទទួលបានពីអង្គការមួយ ហើយត្រូវបែងចែកថ្លៃជីវភាព និងការសិក្សារបស់​កូន​ផ្សេងទៀត។

ម្ចាស់អាជីវកម្មរូបនេះបានប្រាប់ផងដែរថា ចំណូលរបស់ហាងនេះមាន៣ប្រភេទគឺ ការលក់បោះដុំ ការលក់ទៅតាមហាងក្នុងស្រុក និងការទទួលការ​កម្មង់​ពី​ភ្ញៀវផ្ទាល់ ឬតាមកម្មវិធីផ្សេងៗ។ ចំណូលនេះទៀតសោត ហាក់មានការកើនឡើងនៅប៉ុន្មានខែមុនដោយមានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក និង​ក្រៅ​ស្រុក ហើយចំណូលដែលទទួលបានអាចផ្គត់ផ្គង់បុគ្គលិកដល់ទៅ10នាក់ ហើយក្នុងម្នាក់ៗចន្លោះពី 250ទៅ300ដុល្លារ និងអាចទំនុកបម្រុងគ្រួសារ ផ្គត់ផ្គង់កូនរៀនបានស្រួលផង និងសន្សំទុកមួយផ្នែកផង។

ផលិតផលរបស់ហាងមួយនេះមានម៉ូដច្រើនប្រភេទ ច្រើនទម្រង់ តែម៉ូដដែលគេនិយមគឺផ្ការំដួល ដោយសារវាជាអត្តសញ្ញាណជាតិខ្មែរ ហើយក៏ទទួល​បាន​ការ​ពេញចិត្តស្រឡាញ់ម៉ូដនេះច្រើន ដោយការច្នៃធ្វើជាក្រវិល កងដៃ ចិញ្ចៀន និងកន្លាស់អាវជាដើមទៅតាមការពេញចិត្តរបស់អតិថិជន។


យ៉ាងណាមិញការផលិតគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងនេះមិនមែនជារឿងងាយស្រួលឡើយដោយគេត្រូវពិនិត្យមើលសំបកគ្រាប់មុននឹងរំលាយដើម្បីចៀសវាងគ្រោះថ្នាក់ដល់សិប្បករ។ បន្ទាប់មកគេលាងវាឱ្យបានស្អាត ហើយដាក់ក្នុងចានរំលាយវាទៅជាទឹកដែលអាចយកទៅចាក់ផែជាបន្ទះ កិនឱ្យ​សំប៉ែត ឬហូតជាលួសរួចគេអារ ឆាប និងខាត់ឱ្យស្អាតតាមម៉ូដដែលគេចង់បានប្រកបដោយក្បាច់រចនាយ៉ាងស្រស់ប្រណីត។ ការផលិតគ្រឿងនេះត្រូវ​ចំណាយពេល 2-3 ថ្ងៃ វាយូរបន្តិចអាស្រ័យលើម៉ូដនីមួយៗដោយសារតែគេត្រូវចម្លងម៉ូដបន្តទៀត។ នេះជាដំណើរការខ្លះៗដែលលោក ចន្ថា បានបញ្ជាក់​ប្រាប់។

ចំពោះគុណភាពវិញ លោកបានអះអាងថាគ្រឿងអលង្ការរបស់លោកធ្វើឡើងពីសំបកគ្រាប់កាំភ្លើងសុទ្ធសាធ មិនបានបន្ថែមពណ៌អ្វីទេ ពោលគឺប្រើពណ៌​ធម្មជាតិរបស់គ្រាប់កាំភ្លើងតែម្ដង ហើយតម្លៃវិញក៏សមរម្យដែរចន្លោះពី 8ទៅ10 ដុល្លារទៅតាមម៉ូដ និងប្រភេទរបស់វា ឯខ្លះទៀតមានខ្ពស់រហូតដល់ 20-30ដុល្លារតាមប្រភេទរបស់វាផងដែរ។

ចំពោះភាពប្រឈមក៏នៅតែមានដែរ ពិសេសនៅក្នុងស្ថានភាពកូវីដដែលគាត់ត្រូវបាត់បង់ការកម្មង់ពីក្រៅប្រទេស ហើយបញ្ហាមួយទៀតគឺជាងផលិត​ម៉ូដ​ដដែលៗច្រើនក្នុងស្តុកដែលជាហេតុធ្វើឱ្យលក់មិនសូវដាច់ និងកប់ក្នុងស្តុកច្រើន។  សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីពនេះ ម្ចាស់អាជីវកម្មរូបនេះបាន​ជម្រាប​ឱ្យដឹងថា មានកត្តាចំនួនពីរសំខាន់ៗគឺ ទីមួយយើងត្រូវមានជំនាញច្បាស់លាស់ និងទីពីរ ត្រូវមានការស្រឡាញ់ដោយសារនៅពេល​ដែលយើង​ស្រឡាញ់​អ្វីមួយ យើងនឹងខិតខំពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ។

គួរបញ្ជាក់​ផងដែរថា​ ម្ចាស់អាជីវកម្មរូបនេះតែងមានស្រមៃចង់ចង់បានហាងខ្លួនឯងមួយដែលមានដាក់តាំងលក់ផលិតផលដែលខ្លួនបានផលិតឱ្យគេស្គាល់ ជាកន្លែងដែលអាចផ្ដល់ការងារឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើ និងផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកទីតាំងហាងផ្ទាល់តែម្ដង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner