ឧបនាយករដ្ឋមន្ត្រីវៀតណាមម្នាក់ចាក់វ៉ាក់សាំង Nanocovax ផលិតខ្លួនឯង ដូសទី២រួចហើយ
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Duc Dam ដែលក៏ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរនោះ បានទទួលការចាក់វ៉ាក់សាំង Nanocovax ដែលវៀតណាមផលិតក្នុងប្រទេសខ្លួនឯង ជាផ្នែកមួយនៃការសាកល្បងចាក់លើមនុស្ស ហើយនៅថ្ងៃសុក្រ ទី២៦ មីនានេះ លោកចាក់ចំនួន២ដូសរួចមកហើយ។
ក្រោយការចាក់លើកទី២ លោក Vu Duc Dam ត្រូវបានពេទ្យតាមដានសុខភាព ៣០នាទី ដោយលោកបានចាក់វ៉ាក់សាំងនៅសកលវិទ្យាល័យវេជ្ជសាស្ត្រយោធា ជាទីតាំងទទួលសាកល្បងចាក់លើមនុស្ស ដោយស្ម័គ្រចិត្ត។ ក្រៅពីរូបលោក ក៏មានអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Pham Cong Tac បានចាក់វ៉ាក់សាំង Nanocovax លើកទី២ដែរ នៅថ្ងៃសុក្រនេះ ដោយលើកទី១ ពួកលោកបានចាក់ កាលពីថ្ងៃទី២៦ កុម្ភៈ។
នាយកមន្ទីរពេទ្យយោធា Do Quyet បាននិយាយថា ការចាក់លើកទី២នេះមានគោលបំណងវាយតម្លៃពីសុវត្ថិភាពនិងប្រសិទ្ធិភាពនៃវ៉ាក់សាំង។ លោកថា Nanocovax មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងថ្មីទៀតផង៕
