ចិនប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតស៊េរីថ្មី ដែលនឹងប្រើសម្រាប់ការសង់ស្ថានីយអវកាសដំបូងរបស់ខ្លួន
ចិន៖ ប្រទេសចិនបានប្រកាសពីភាពជោគជ័យដ៏ធំរបស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតធុនធំស៊េរីថ្មីមានឈ្មោះថា Long March-5B ទៅកាន់គន្លងអវ កាស ដែលវានឹងត្រូវប្រើប្រាស់ជាចម្បង ដើម្បីដឹកជញ្ជូនគ្រឿងផ្គុំសម្រាប់ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ អាជ្ញាធរផ្នែកអវកាសចិនបានចាត់ទុកការបាញ់បង្ហោះដោយជោគ ជ័យនៃគ្រាប់រ៉ុក្កែតខាងលើ ជាការបើកសម្ពោធនូវដំណាក់កាលទី៣ នៃកម្មវិធីរុករកក្នុងទីអវកាសដោយមនុស្សរបស់ប្រទេសចិន គឺការសាងសង់ស្ថានីយអវកាស ខណៈ Long March 5B ត្រូវបានអភិវឌ្ឍឡើងជាពិសេស ដើម្បីសម្រេចគោលដៅនេះ ។
សូមជម្រាបថា គ្រាប់រ៉ុក្កែតធំពណ៌សនេះ បានហោះឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស វិនឆាង ដែលស្ថិតខេត្តដីកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង០៦៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ។ វត្ថុដែលរ៉ុក្កែតនោះបាននាំទៅកាន់ទីអវកាស កំឡុងការហោះហើរសាកល្បងរបស់វា គឺគំរូយានអវកាសជំនាន់ថ្មីរបស់ចិន សម្រាប់ដឹកអវកាសយានិក ៕ធ.ដ