ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធបានជំរុញដល់ប្រជាកសិករ និង គ្រួសារកម្មករងាយរងគ្រោះនិងព្យួរការងារដោយកូវីដ-19 កន្លងទៅត្រូវតែជំរុញដល់ការដាំដុះបន្លែដើម្បីផ្គត់ផ្គង់គ្រួសារ និងដើម្បីបង្កើននូវប្រភពចំណូល ក្នុងការលើកកម្ពស់ជីវភាព និង សុខភាពគ្រួសារខ្លួន (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

មន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយបណ្តាមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្តបាត់ដំបង បានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ ត្រូវជ្រើសរើសកសិករណាដែលបានដាំបន្លែពិតប្រាកដ ដើម្បីធ្វើការចែកជូននូវពូជបន្លែ ដោយឥតគិតថ្លៃ បានត្រឹមត្រូវជូនដល់បងប្អូនប្រជាកសិករ គ្រួសារក្រីក្រ និងកម្មករងាយ
រងគ្រោះដែលផ្អាកឬព្យួរការងារ ដោយសារតែផលប៉ះពាល់ជាសាកលពីជម្ងឺរាតត្បាត កូវីដ-19 ដើម្បីបានយកទៅដាំដុះសម្រាប់ផ្គត់ផ្គង់គ្រួសារនិងលក់ទៅកាន់ទីផ្សារក្នុងការបង្កើនចំណូលបន្ថែមទៀត។

នេះគឺជាការថ្លែងគូសបញ្ជាក់ របស់ឯកឧត្តម វង់ សណ្ដាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ គ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) នៅក្នុងអង្គសិក្ខាសាលា ស្តីពី ” ការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជបន្លែ និង ដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ជូនដល់កសិករដែលមានតម្រូវការដាំដុះដំណាំបន្លែពិតប្រាកដ នៅព្រឹកថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២០នេះ។

ឯកឧត្តមបានបន្តទៀតថា៖គ្រាប់ពូជបន្លែដែលផលិតដោយមានកំណត់អាជ្ញាធរត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កសិករ កម្មករ ឬពលរដ្ឋចង់ដាំបន្លែពិតប្រាកដ មកទទួលយកនូវគ្រាប់ពូជតាមទីកន្លែងឬពេលវេលាកំណត់ដើម្បីចែកដល់ដៃពួកគាត់ដែលជាអ្នកដាំពិតប្រាកដនិងច្បាស់លាស់ព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺចង់ឲ្យគ្រាប់ពូជទាំងនេះ បានយកទៅដាំបន្ត។ មិនតែប៉ុណ្ណោះពួកគាត់អាចយកទៅដាំដុះ និងបានផល សម្រាប៉បរិភោគខ្លួនឯងផង និងសម្រាប់ការផ្គត់ផ្គង់នៅក្នុងទីផ្សារផង ចៀសវាងផ្ដល់ឲ្យអ្នកដែលមិនចូលចិត្តដាំបន្លែ ហើយយកពូជបន្លែទៅទុកចោល។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងក្នុងអង្គសិក្ខាសាលានេះថា បច្ចុប្បន្នប្រជាកសិករនៅក្នុងខត្តបាត់ដំបង បានបង្កើននូវការដាំបន្លែ ដែលមានទាំងការដាំបន្លែសរីរាង្គ បន្លែសុវត្ថិភាព និងបន្លែរោងសំណាញ់យូវី ជាដើម…។ហើយបន្លែទាំងអស់នេះ បានរួមចំណែក ក្នុងការផ្គត់ផ្គង់ទាំងក្នុងខេត្ត និងនាំទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ ។

ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានវាយតម្លៃពីអង្គសិក្ខាសាលាថ្ងៃនេះ ដែលនឹងផ្តល់នូវផលប្រយោជន៍ជូនដល់កសិករ ដែលដាំដំណាំបន្លែពិតប្រាកដ ដើម្បីបន្ថែមនូវជម្រើសសំរាប់ពង្រីកសកម្មភាពកសិកម្មរបស់ខ្លួន ហើយសិក្ខាសាលាពិតជានឹងផ្តលនូវធាតុចូលបន្ថែមពីផលប្រយោជន៍នៃការដាំដុះបន្លែដំណាំរួមផ្សំជាលក្ខណៈគ្រួសារសម្រាប់ធានាក្នុងការបង្កើននូវចំណូល  ពីការសន្សំសំចៃថវិកា និងធានាបាន នូវសុវត្ថិភាពចំណី-អាហារក្នុងក្រុមគ្រួសារ និងសង្គមកម្ពុជា ទៀតផង។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ដំណាច់ខែមករាឆ្នាំ២០២០កន្លងមកនេះ រាជរដ្ឋាភិបាលបានចែកនិងផ្តល់នូវពូជបន្លែជូនដល់ប្រជាកសិករដោយឥតគិតថ្លៃ ប្រមាណជាជាង២៩៤ពាន់គ្រួសារ។ ថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលបានផ្តល់ នូវ ឥណទានកម្ចី ចំនួន៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ដើម្បីផ្តល់ឱកាសជួយឲ្យកសិករបានខ្ចី ក្នុងកម្រិតអត្រាការប្រាក់ទាបបំផុត ដើម្បីបានយកទុនកម្ចីទាំងនោះទៅពង្រីកទុនក្នុងការបង្កើនការដាំដុះបន្លែរបស់ខ្លួន ក្នុងគោលបំណង ដើម្បីកាត់បន្ថយបានពីលំហូរការនាំចូលបន្លែពីខាងក្រៅ និងប្រទេសជិតខាង។

ឯកឧត្តម វង់ សណ្ដាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ក៏បានថ្លែងបន្តថា៖ដោយសារតែ”គ្រាប់ពូជន្លែ”មានកំណត់។ អាជ្ញាធរត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់កសិករក្រីក្រ កម្មករនិងប្រជាពលរដ្ឋដែលចង់ដាំបន្លែពិតប្រាកដ ឲ្យមកទទួលយកគ្រាប់ពូជនៅតាមទីកន្លែង ឬពេលវេលាកំណត់ដើម្បីចែកជូនដល់ពួកគាត់បាន យកទៅដាំ ព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺចង់ឲ្យគ្រាប់ពូជទាងនោះ បានយកទៅដាំបន្ត…។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ទៀតថា៖ ការយកគ្រាប់ពូជបន្លែទៅដាំពិតប្រាកដគឺវាពិជាអាចឲ្យកម្ពុជាយើង មានបន្លែសម្រាប់ផ្គត់ផ្គង់ពីតម្រូវការក្នុងស្រុក បានកាន់តែច្រើន និងប្រសើរឡើងហើយអាចជួយកាត់បន្ថយបានពីការនាំចូលបន្លែពីខាងក្រៅប្រទេស ហើយប្រសិនបើការដាំបន្លែសរីរាង្គនិងមានសុវត្ថិភាពទៀតនោះ គឺអាចឲ្យពួកគាត់ មានឱកាសក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner