ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង អះអាងថា៖ មកដល់ពេលនេះ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដែលរងការប៉ះពាល់និងខូចខាតដោយទឹកជំនន់កន្លងមក បានកែលម្អប្រសើរឡើងវិញ ជាបន្តបន្ទាប់ ចំនួន១៥ខ្សែហើយ

   លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តបាត់ដំបង បានឲ្យដឹងខណៈពេលអមដំណើរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងការចុះពិនិត្យមើលក្រុមការងារអនុវត្តគម្រោងកែលម្អនិងសាងសង់នូវផ្លូវក្រាលកៅស៊ូ DBST.មួយខ្សែ ប្រវែង ១.៥០០ម៉ែត្រ ដែលមន្ទីរសាធារណការខេត្ត ជាអ្នកអនុវត្តគម្រោងនេះផ្ទាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិជ្រៃថ្មី ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣១ខែមីនា២០២១ នេះថា៖ ផ្លូវដែលកំពុងដំណើរការសាងសង់នេះ គឺជាផ្លូវខេត្តលេខ១៥៩បេ១. (159-B1) ដែលមានប្រវែងសរុប ចំនួន១៣គីឡូម៉ែត្រ។ ប៉ុន្តែជាជំហានដំបូង គឺធ្វើការកែលម្អដោយចាក់ក្រាលកៅស៊ូ DBST.ប្រវែង១.៥០០ម៉ែត្រ ដើម្បីតភ្ជាប់ជាមួយផ្លូវជាតិលេខ៥ថ្មី ជាផ្លូវហាយវ៉េ៦០ម៉ែត្ររបស់ជប៉ុន ជាមុនសិន។ ហើយក្នុងនោះក៏មានការកាយនូវប្រឡាយសងខាងតាមដងផ្លូវ និងជម្រុញឲ្យប្រជាពលរដ្ឋ ចូលរួមដាក់លូនៅមុខផ្ទះអមដងផ្លូវផងដែរ។ដោយឡែក កំណាត់ផ្លូវនៅសល់ ប្រមាណ ១១គីឡូម៉ែត្រទៀត និងរៀបចំកែលម្អជាផ្លូវក្រាលគ្រួសក្រហម ជាបណ្តោះអាសន្នសិន ។

      តាមការគូសបញ្ជាក់ពីលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖គម្រោងកែលម្អនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដែលទទួលរងប៉ះពាល់ និង ខូចខាតដោយទឹកជំនន់ឆ្នាំ២០២០ កន្លងមក ដែលមន្ទីរទទួលបាននូវកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងគឺមានចំនួន១៥គម្រោង។ក្នុងនោះផ្លូវកៅស៊ូDBST ប្រវែងសរុបជិត១១គីឡូម៉ែត្ត, ផ្លូវក្រួសក្រហម Lateriteប្រវែងជាង២២គីឡូម៉ែត្រ,រៀបចំលូប្រអប់ កាត់ទទឹងផ្លូវ ចំនួន០២កន្លែង, ដាក់លូមូលកាត់ទទឹងផ្លូវ០៥កន្លែងរៀបចំរបាំងការពារជើងស្ពាន០១កន្លែង និងរៀបជើងទេរដើម្បីការពារផ្លូវ (Gabion box)ចំនួន ១កន្លែង។ ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏បានបន្តធ្វើការកែលម្អជួសជុលថែទាំឡើងវិញដោយបានចាក់ក្រាលនូវកៅស៊ូ (Overlay AC)ក្នុងទីប្រជុំខេត្ត បានប្រមាណជិត១០គីឡូម៉ែត្រ ជាបន្តបន្ទាប់ផងដែរ។

     លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានឲ្យដឹងបន្ថែមថា៖ ការស្ថាបនាផ្លូវនៅទីនេះ គឺ៖ មានការចូលរួមសហការល្អពីសំណាក់ប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវ មានទាំងការរុះរើនូវរបង សំណង់នានា ទៅតាមការស្នើសុំនិងការជួយសម្របសម្រួលរបស់អាជ្ញាធរស្រុក។និងក្នុងមូលដ្ឋានផ្ទាល់ ហើយពួកគាត់ ក៏បានថ្លែងអំណរគុណ និងអរគុណចំពោះរាជរដ្ឋាភិបាល ក្រសួង និងអាជ្ញាធរខេត្ត ក្នុងការជួយអភិវឌ្ឍន៍ផ្លូវ នៅទីនេះផងដែរ ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការជួសជុលផ្លូវឲ្យមានគុណភាពល្អ កុំឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរ បន្តខិតខំជួសជុលកែលម្អផ្លូវនានា ទៅតាមតម្រូវការ និងណូមពររបស់ប្រជាពលរដ្ឋ ឲ្យអស់នូវលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការសមស្របរបសពួកគាត់ទាំងនោះ។

         ក្នុងការចុះពិនិត្យមើលផ្លូវថែទាំនិងការកែលម្អឲ្យប្រសើរឡើងវិញនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានសំដែងការកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមការងារ ដែលកំពុងតែសស្រាក់សស្រាំក្នុងការកែលម្អផ្លូវទាំងនេះ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានចែកអំណោយដល់បងប្អូនកម្មករនិងមន្ត្រីក្រុមការងារកំពុងតែស្ថាបនានិងកែលម្អផ្លូវនៅទីនោះដោយក្នុងម្នាក់ៗទទួលបាននូវ មី១កេស និង ទឹកសុទ្ធ១យួរផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner