សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយជាង៨៧ម៉ឺនបន្ថែមដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះអាសន្ននៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនដែលហៅកាត់ថា USAID បានប្រកាសនៅថ្ងៃទី១មេសានេះថា ខ្លួននឹងផ្តល់ជំនួយចំនួន ៨៧ម៉ឺន៥ពាន់ដុល្លារ បន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការនិងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនិងវិបត្ដិនានានៅកម្ពុជា។ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាមានប្រសាសន៍ថា ការបំផ្លិចបំផ្លាញបង្កឡើងដោយទឹកជំនន់ឆ្នាំមុនបានបង្ហាញពីភាពចាំបាច់ក្នុងការត្រៀមខ្លួនដោះស្រាយទៅលើផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។ លោកថា សហរដ្ឋអាមេរិក មានមោទនភាពក្នុងការចូលរួមចំណែកកែលម្អប្រព័ន្ធឆ្លើយតបនឹងវិបត្តិទាំងនោះនៅកម្ពុជា។

ថវិកាដែលទទួលបានពីការិយាល័យជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID នោះ គ្រោងនឹងផ្ដល់លទ្ធភាពឱ្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែមទៅលើគម្រោងស្ដីពី “ការច្នៃប្រឌិតថ្មីដើម្បីត្រៀមបង្ការនិងឆ្លើយតបទៅនឹងគ្រោះអាសន្ន ដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បានគាំទ្រតាំងពីឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២២ ។

លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក មានប្រសាសន៍ថា លោកស្រីថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែមដល់ប្រទេសកម្ពុជាដែលប្រឈមនឹងវិបត្តិអាកាសធាតុដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោកស្រីបានបន្តថា ជំនួយនោះនឹងជួយដល់ដៃគូរដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការមនុស្សធម៌នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីត្រៀមខ្លួននិងឆ្លើយតបចំពោះវិបត្តិទាំងនេះ ដោយប្រើប្រាស់ព័ត៌មានដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារមនុស្សធម៌បានទាន់ពេលវេលា។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន ៧០ម៉ឺនដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner