រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចស្តីពីការអនុវត្តនូវវិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។

ប្រការ១ នៃសេចក្តីសម្រេច ថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»

ប្រការ២ បញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនចូលមកទទួលទានអាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងនៅចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់អាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ប្រការ៣ នៃសេចក្តីសម្រេច បញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ លើកលែងតែចំពោះករណីដូចខាងក្រោម៖ – ការជួបជុំក្នុងចំណោមសមាជិកគ្រួសារនៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា
– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត។
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
– ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner