លទ្ធផលនៃសិក្ខាសាលាស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិកអាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden

អត្ថបទដោយ៖
AMS

នៅថ្ងៃសុក្រ​ ទី០២ ខែមេសា ឆ្នាំ២០២១ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយមូលនិធិ អាស៊ី (The Asia Foundation) បានរៀបចំសិក្ខាសាលាស្តីពី «ទំនាក់ទំនងសហរដ្ឋអាមេរិកអាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden» តាមប្រព័ន្ធវីដេអូ ZOOM និង Facebook Live Streaming។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់មន្រ្តីរាជការ មន្រ្តីនៃស្ថានទូតបរទេសប្រចាំកម្ពុជា សិស្សនិស្សិតនិងសាស្រ្តាចារ្យនៅតាមបណ្តាសាកលវិទ្យាល័យនានា តំណាងអង្គការក្នុងស្រុកនិងអន្តរជាតិ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និង​អ្នកដែលពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា អាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក។

សិក្ខាសាលានេះបានពិភាក្សាអំពីរបាយការណ៍ថ្មីមួយរបស់មូលនិធិអាស៊ីស្តីពី«បញ្ហាបន្ទាន់ក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២១»។ វាគ្មិនទាំងអស់បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ លើផ្នែកសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ បម្រែបម្រួលអាកាសធាតុ វិបត្តិនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងការប្រជែងគ្នាដ៏កាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។ អ្នកជំនាញទាំងអស់ក៏បានផ្តល់ជាយោបល់ថា សហរដ្ឋអាមេរិកគួរតែ (១) ទទួលស្គាល់ពីសារៈសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលជាអ្នកដើរតួពិតប្រាកដនៅក្នុងតំបន់ មិនមែនគ្រាន់តែជាកូនអុកនៅលើក្តារអុករបស់អាមេរិក និងចិននោះទេ (២) បង្កើតគំនិតផ្តួចផ្តើមថ្មីមួយដើម្បីលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់របស់អាមេរិក និងអាស៊ាន ដែលប្រកបដោយសុវត្ថិភាព និងភាពធន់ ក៏ដូចជាស្វែងរកនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក និង (៣) ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលនានាជាមួយបណ្តាប្រទេសអាស៊ាន។

រូបភាពនៃកិច្ចពិភាក្សាតាមរយៈ ​Zoom

បន្ថែមពីនេះ សិក្ខាសាលាក៏បានលើកឡើងនូវមតិយោបល់សម្រាប់គោលនយោបាយដែលគួរអនុវត្តបានមួយចំនួនក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកកម្ពុជា ដែលរួមមានការជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរកិច្ចសហប្រតិបត្តិការថាមពល និងការតភ្ជាប់ប្រជាជននិងប្រជាជន ពិសេសការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២។ កិច្ចពិភាក្សានេះ ក៏បានផ្តោតសំខាន់លើគម្រោងវិនិយោគនានារបស់អាមេរិកក្នុងវិស័យ ថាមពល នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅកម្ពុជា ដែលរួមមានថាមពលស្អាត ឧស្ម័នធម្មជាតិ ថាមពលសូឡា ថាមពលដែលដើរដោយខ្យល់ និងថាមពលដែលជំរុញដោយកំដៅផែនដី។

នៅចុងបញ្ចប់នៃកម្មវិធី វាគ្មិនទាំងអស់បានសម្តែងនូវទស្សនៈផ្ទាល់ខ្លួន ទៅលើស្ថានភាពនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដែលជាវិបត្តិមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយ កម្ពុជាអាចផ្តល់ជាការចែករំលែកបទពិសោធន៍នៃជម្លោះផ្ទៃក្នុងរបស់ខ្លួន និង/ឬក៏ការសម្របសម្រួលនៅក្នុងវិបត្តិមួយនេះដើម្បីស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខពេញលេញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងតំបន់ទាំងមូល៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner