ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត១៨គ្រួសារ នៅក្នុងស្រុក រវៀង ទទួលបានអំណោយសង្គ្រោះបន្ទាន់ពី សាខាកាកបាទ ក្រហម កម្ពុជា ខេត្តព្រះវិហារ

អត្ថបទដោយ៖
ជា សេឌី

លោក ពឹង ទ្រីដា អនុប្រធានកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះវិហារ តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំមន្ត្រីសាខាខេត្ត ស្រុក និងមន្ត្រីមូលដ្ឋាន ចុះសួរសុខទុក្ខ និងការនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់របស់សាខា ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៨គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីពេលកន្លងមក។

          ពិធីប្រគល់ និងទទួល ក៏មានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុក និងជាប្រធានកិត្តិយស គណៈកម្មាធិការស្រុករវៀង ស្ថិតនៅក្នុង ឃុំរៀបរយ ស្រុករវៀង កាលពីថ្ងៃទី៦មេសា ឆ្នំា២០២១។​

          អំណោយ ផ្តល់ជូនដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១បេ ,តង់ ១ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខកំប៉ុង ១យួរ ,មី ១កេស ,ឃីត ១កញ្ចប់ រួមទាំងថវិកា ១០ម៉ឺនរៀល ផងដែរ។

          លោក ពឹង ទ្រីដា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត    ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងបានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយអំណោយមនុស្សធម៌ តែងបានផ្តល់ជូនដល់ដូនចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយក្រីក្រមានកូនច្រើន អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកផ្ទុកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ និងមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗទៀត ដោយគ្រោះធម្មជាតិ ដែលការផ្តល់អំណោយនោះ បានធ្វើឡើងដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ប្រពៃណី ឬនិន្នាការនយោបាយណាមួយឡើយ  ។

ក្នុងនាមថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តព្រះវិហារ  លោក ពឹង ទ្រីដា បានសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិ មានខ្យល់ លាយឡំជាមួយភ្លៀងកក់ខែមួយមេធំ បានគួចឆក់ដំបូល និងកន្ត្រាក់សសរផ្ទះទម្លាក់ពីលើជើងតាង ធ្វើឲ្យដំបូលធ្លុះធ្លាយ និងទ្រេតសស​រផ្ទះរបស់ប្រជាពលរដ្ឋទាំង១៨គ្រួសារនៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ដ៏គួរឲ្យព្រួយបារម្ភនេះ។

          សូមជម្រាបថា កាលពីយប់ថ្ងៃទី៤មេសា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានគ្របដណ្តប់ទៅដោយដំណក់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ក្នុងនោះមានស្រុកពីរ បានជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ៤៦ខ្នង រងការរបើកដំបូល ដួលរាបដល់ដី ទ្រេតសសរ និងរបូតសសរធ្លាក់ណីលើជើងតាង ក្នុងនោះស្រុកជ័យសែន ២៨គ្រួសារ និងនៅក្នុងស្រុករវៀង ១៨គ្រួសារ៕សំបូរ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner