ទឹកនៅក្នុងប្រាសាទស្រះស្រង់ អាចនឹងរីងស្ងួតនៅរដូវប្រាំងឆ្នាំនេះ

អត្ថបទដោយ៖
ជា សេឌី

ប្រាសាទស្រះស្រង់”ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត ដែលមានទីទីតាំងស្ថិតនៅក្នុងបរិវេណឧទ្យានអង្គរ នៃខេត្តសៀមរាប។ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ និងមានភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្ត ប៉ុន្ដែសម្រាប់រដូវប្រាំងឆ្នាំនេះទឹកនៅក្នុងស្រះស្រង់នោះអាចរីងស្ងួត ដោយសារខ្វះទឹកបញ្ចូល ព្រោះអាជ្ញាធរជាតិអប្សរាជួសជុលប្រាសាទកណ្ដាលស្រះស្រង់នោះឡើងវិញ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ថា អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។

លោក បន្ដថា នាចុងរដូវប្រាំងមុខនេះ ស្រះស្រង់អាចនឹងរីងស្ងួត ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹក ក្នុងស្រះស្រង់ដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។  

ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ  ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។

បើតាមអ្នកបុរាណវិទ្យាខ្លះយល់ថា ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេ គឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល  ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់ និងអាចរីងស្ងួតបែកដីក្រហែង៕ ដោយ ស៊ាន សុផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner