រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បង្ហាញយន្ដការស្នើសុំចាក់វ៉ាក់ សាំង បង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេស កម្ពុជា

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានសេចក្ដីជូនដំណឹង បង្ហាញពីយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយ ស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

ដើម្បីឲ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំយន្តការ ក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ជូនដល់ជនបរទេសដែលកំ ពុងរស់នៅ ឬកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលមិនស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ អង្គ ការអន្តរជាតិ អង្គការទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតនៅកម្ពុជា ឬអង្គការស្របច្បាប់ក្នុងស្រុក (ដែលមានការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)មានដូចខាងក្រោម៖

*ក៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេស ដែលកាន់ទិដ្ឋាការធម្មតាប្រភេទ (E) ហើយដែលមានប័ណ្ណការងារ (work permits) ចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា រួមមាន៖ វិនិយោគិន ធុរជន ពលករជំនាញ សិល្បករ គ្រូពេទ្យ គ្រូបង្រៀន កីឡាករ ទីប្រឹក្សានានា អ្នកជំនាញការបរទេស។ល។

ឯកសារតម្រូវ សម្រាប់ស្នើសុំចាក់វ៉ាក់សាំង៖

*១៖ លិខិតឆ្លងដែនមានសុពលភាព
*២៖ ទិដ្ឋាការដែលមានសុពលភាព
*៣៖ ប័ណ្ណការងារ (workpermits) ដែលចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជនបរទេសក្នុងប្រភេទ (ក) ដែលបានស្នើសុំចាក់វ៉ាក់សាំង នឹងទទួលបានការជូនព័ត៌មានចាក់វ៉ាក់សាំងជាមុន ដែលការចាក់អាច ស្របពេលជាមួយនឹង មន្ត្រី-បុគ្គលិក និងកម្មករ នៅតាមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន ឬទីកន្លែងសមស្របតាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល។

*ខ៖ អាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត ក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអ្នកទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេសផ្សេងទៀត ដែលមិនស្ថិតក្នុង ប្រភេទ (ក) រួមមាន៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេស (មានទិដ្ឋាការពិសេសប្រភេទ K) ជនបរទេសដែលបានរៀបការ ជាមួយពលរដ្ឋខ្មែរ ជនបរទេសចូលនិវត្តន៍ជនបរទេសស្នាក់នៅស្របច្បាប់ រយៈពេលវែង ។ល។

ឯកសារតម្រូវសម្រាប់ចុះឈ្មោះចាក់វ៉ាក់សាំង៖

*១៖លិខិតឆ្លងដែនមានសុពលភាព
*២៖ ទិដ្ឋាការដែលមានសុពលភាព

ជនបរទេសក្នុងប្រភេទ (ខ) នឹងទទួលការចាក់វ៉ាក់សាំង ស្របពេលជាមួយនឹងពលរដ្ឋខ្មែរ នៅតាមទីកន្លែងសមស្រប តាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner