អាជ្ញាធរខេត្តមណ្ឌលគិរី ធ្វើពិធីដុតបំផ្លាញដើមកញ្ឆាស្រស់ជាង ២ពាន់ដើម នៅក្នុងស្រុកអូររាំង

អត្ថបទដោយ៖
ជា សេឌី

 ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាការពារ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ការអភិវឌ្ឍន៍សង្គម និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋទូទៅ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីដុតបំផ្លាញដើមកញ្ឆាស្រស់ នៅចំណុចព្រលានយន្តហោះ ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាប  ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវកោតសសើរដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសដាំដុះដំណាំខុសច្បាប់ទទួលបានជោគជ័យ ទោះបីជនល្មើសបានប្រើរូបភាពដាំបន្លំតាមចំការរបស់បងប្អូនជនជាតិដើមភាគតិច ក្នុងព្រៃជ្រៅពិបាកស្វែងរក។ ក្រៅពីការបង្ក្រាបការដាំដុះដំណាំកញ្ឆានេះ អភិបាលខេត្ត បានលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំជាបន្តទៀត លើករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយត្រូវស្រាវជ្រាវវែកមុខរកអ្នកពាក់ព័ន្ឋ ដើម្បីចាត់វិធានការទៅតាមច្បាប់។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា កញ្ឆាជាដំណាំមួយប្រភេទដែលពោពេញទៅដោយសារធាតុញៀន បង្កការប៉ះពាល់ដល់សុខភាព និងសង្គមជាតិខ្លាំងណាស់ បើសិនជាមិនមានវិធានការទប់ស្កាត់បានទាន់ពេលវេលាទេនោះ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការ និង     ផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ជាពិសេស បទល្មើសគ្រឿងញៀនជាដើម បន្ថែមលើសនេះ ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង ៣កុំ ដើម្បីបង្ការ ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០កន្លងទៅនេះ សមត្ថកិច្ចជំនាញ ប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវ និងបង្ក្រាបទាន់ពេលជាបន្តបន្ទាប់ចំនួន៤៦លើក ឃាត់ខ្លួនជនសង្ស័យចំនួន៨៥នាក់ ស្រី៤នាក់។ ដោយឡែក នៅដើមឆ្នាំ២០២១នេះ កម្លាំងជំនាញធ្វើការបង្ក្រាបបានចំនួន១៦លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៤៥នាក់ ស្រី០៩នាក់ បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់។ ដោយឡែក កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញ បានចុះបង្រ្កាបករណីដាំដុះដំណាំកញ្ឆាចំនួន០២ទីតាំង សរុបចំនួនជាង២ពាន់ដើម ស្មើនឹងទម្ងន់៣៨៤គីឡូក្រាម និងសម្ភារមួយចំនួនទៀត ត្រង់ចំណុចចម្ការរបស់ប្រជាពលរដ្ឋ នៅក្បែរមាត់អូរ ក្នុងភូមិពូហ្យាម ក្នុងឃុំសែនមនោរម្យ។

ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាចំនួន ១.០០០$ ដល់កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីជាការលើកទឹកចិត្ត និងប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ៗ ២ម៉ឺនរៀលដែរ៕ដោយ៖ពលៈ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner