កម្ពុជា និង ADB បន្តរួមគ្នាត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ គណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមAhmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាសហប្រធាននៃគណៈកម្មការគោលនយោបាយ CARES ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលជាសមាជិក សមាជិកា នៃគណៈកម្មការគោលនយោបាយនេះ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA)និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)ផងដែរ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា កម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងមានការកើនឡើងជាបន្តបន្ទាប់ និងមានករណីអ្នកស្លាប់ផងដែរ។ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ គឺជាការងារអាទិភាពធំបំផុត។ ជាក់ស្តែង ចាប់តាំងពីការរាតត្បាតដំបូងនៃនៃជំងឺកូវីដ-១៩ មកម្ល៉េះ, រាជរដ្ឋាភិបាលតែងបាន យកចិត្តទុកដាក់ និងផ្តល់អាទិភាពយ៉ាងខ្លាំងបំផុតលើ៖ (១).ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន (២).ការរក្សាលំនឹងជីវភាពប្រជាជនពិសេសសម្រាប់ប្រជាជនក្រីក្រក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ (៣).ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាននិងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង (៤).ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះដែរដើម្បីបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩, កម្ពុជាក៏បានអនុម័តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនផ្សេងទៀត ដូចជា៖ វិធានការសុខាភិបាល, វិធានការរដ្ឋបាល, ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេចរណ៍ទូទាំងប្រទេស និងការដាក់បំរាមគោចរ ព្រមទាំងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

ជាមួយគ្នានេះដែរ កម្ពុជាក៏ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ស្របទៅតាមផែនការចាក់វ៉ាក់សាំង និងផែនការលទ្ធកម្មវ៉ាក់សាំងរបស់ខ្លួន ដែលគិតមកទល់នឹងពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងចំនួន ៣ ១២៤ ០០០ ដូស និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៨០០ ០០០ នាក់ ដែលស្មើនឹងប្រមាណ ៨ % នៃចំនួនប្រជាពលរដ្ឋក្រុមគោលដៅប្រមាណ ១០ លាននាក់។

ឯកឧត្តម វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា នៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ១,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ កន្លងទៅ (ដោយក្នុងនោះថវិកាប្រមាណ ៨២៩ លានដុល្លារ ត្រូវបានបើកផ្តល់រួចហើយ) និងប្រមាណជាង ៧១៩ លានដុល្លារអាមេរិកទៀត ក្នុងឆ្នាំ២០២១នេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣គឺ(១).ការងើបឡើងវិញនិងការរស់រាន (Revival and Survival)ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច(២).ការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពដោយផ្តោតលើការធ្វើពិពិធកម្មនិងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ចព្រមទាំងការជំរុញនិងអភិវឌ្ឍឌីជីថលូបនីយកម្មនិង(៣).ការលើកកម្ពស់ភាពធន់ (Resilience)ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជននិងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា,វិស័យហិរញ្ញវត្ថុទាំងយន្តការឆ្លើយតបវិបត្តិនិងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គមនិងសុខាភិបាលព្រមទាំងការអភិវឌ្ឍធនធានមនុស្សនិងការលើកកម្ពស់ការអភិវឌ្ឍបៃតងដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត។ឯកឧត្តមAhmed Muneeb Saeedក្នុងនាម ADB បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត-១៩ជាពិសេសភាពការខិតខំប្រឹងប្រែង ក្នុងស្មារតីបុរេសកម្មរបស់កម្ពុជា ក្នុងការទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីត-១៩ និងបានចាប់ផ្តើមនូវកម្មវិធីចាក់វ៉ាក់សាំង ក្នុងសន្ទុះមួយដ៏លឿន។ ជាមួយគ្នានេះ ឯកឧត្តមAhmed Muneeb ក៏បានមានប្រសាសន៍ផងដែរថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចឡើងវិញ។

កិច្ចប្រជុំបានធ្វើការពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្នែកសុខាភិបាល, ជំនួយសង្គម, និងការទ្រទ្រង់សេដ្ឋកិច្ចនៃកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។អង្គប្រជុំក៏បានធ្វើការពិភាក្សាលើបញ្ហាមួយចំនួននៅក្នុងការអនុវត្តកម្មវិធីដែលបានលើកឡើងដោយក្រសួងស្ថាប័នពាក់ព័ន្ធដូចជាលទ្ធភាពនៃការទទួលបានឥណទានរបស់វិស័យឯកជន ដែលនៅតែជាបញ្ហាចម្បង ដែលជាហេតុធ្វើអោយមានភាពប៉ះពាល់ខ្លាំងដល់ការងារជំរុញ E-COMMERCE ដែលជាគន្លឹះក្នុងការងារស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងវិធានការណ៍កំណែទម្រង់ ដើម្បីជួយវិស័យឧស្សាហកម្មឱ្យងើបឡើងវិញ ព្រមទាំងបញ្ហាBig Data។ទន្ទឹមនឹងនេះអង្គប្រជុំក៏បានធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិលើប្រធានបទមួយចំនួនទៀត ដូចជា បញ្ហាហិរញ្ញប្បទានតាមខ្សែសង្វាក់តម្លៃ (Value Chain Financing) ក្នុងវិស័យអាទិភាព ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធបៃតង (Green Infrastructure) ពិសេសនៅតាមទីក្រុងដោយគិតគូរទាំងប្រភពទុនក្នុងការវិនិយោគនិងយន្តការស្រងថ្លៃដើម (Cost recovery)ព្រមទាំងនិន្នាការនៃវិស័យឧស្សាហកម្មនិងបច្ច័យមកលើកម្ពុជា។

គួរបញ្ជាក់ដែរថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០ លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARESនេះ ៕ ដោយលោក វ៉េង លឹមហួត និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner