អាជ្ញាធរជាតិអប្សរាពន្លឿនការជួសជុលខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន្តឱ្យរួចរាល់ មុនរដូវវស្សាមកដល់

យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទិសនិរតី រួតទី៣នៃប្រាសាទបាយ័ន្ត ដែលប្រឈមនឹងហានិភ័យខ្ពស់ បានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន៣០ភាគរយហើយ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងជាក្រុមការងារជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត បានឱ្យដឹងថា ការងារជួសជុលនៅប្រាសាទបាយ័ន្ត មាន៤គម្រោងធំៗ ក្នុងនោះរួមមាន៖

ទី១ ជួសជុលជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន្តបាន៣០ភាគរយ។ ទី២ ទល់ទ្រផ្តែរហោរជាងដែលពុំមានសរសរពេជ្រសម្រាប់ទ្រលំនឹង ដំបូល និងធ្នឹមរលុះធ្លាក់បាន៩០ភាគរយ។ ទី៣ រៀបចំបិទភ្ជិតតាមប្រហោងថ្ម និងសម្រួលថ្មរដិបរដុបមិនរាបស្មើបាន៨០ភាគរយ និងទី៤ តម្លើងជណ្តើរគ្រោងដែកដើម្បីសម្រួលដល់សៀគ្វីទស្សនាប្រាសាទសម្រេចបាន១០០%ហើយ។ អ្នកជំនាញរូបនោះបញ្ជាក់ថា ដោយកៀកនឹងរដូវវស្សាខិតចូលជិតមកដល់ ដូចនេះ ក្រុមការងារនឹងខិតខំពន្លឿនការរើថ្ម និងរៀបទៅវិញ យ៉ាងយូរឱ្យរួចរាល់នៅខែមិថុនាខាងមុខ។

ដោយឡែកការជួសជុលកម្រាលអាចបន្តក្នុងរយៈពេលប្រមាណ៣ខែបន្តទៀតនឹងបញ្ចប់ទាំងស្រុង។ កញ្ញា ម៉េង សុវណ្ណលីលីន បានដឹងទៀតថាផលលំបាកចំពោះការងារជួសជុលនេះគឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងការរើថ្ម និងត្រូវការប្រើកម្លាំងពលកម្មមនុស្សទាំងស្រុងក្នុងការរើថ្ម។ ដូច្នេះ ក្រុមការងារបានប្រើបន្ទះកៅស៊ូក្រាលលើកម្រាលថ្មដើម្បីធ្វើដាក់ថ្មដែលរើ ចៀសវាងការប៉ះថ្មនឹងថ្មដោយផ្ទាល់ អាចបណ្តាលឱ្យខូចផ្ទៃថ្ម។

ម្យ៉ាងទៀតបើមានភ្លៀងធ្លាក់ ឬរដូវវស្សាមកដល់ គឺពិបាកក្នុងការជួសជុល។ រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ពន្ធដែលនាំយកល្បាយខ្សាច់ចេញនាំអោយមានបញ្ហានៅតាមជ្រុងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ និងសំណង់ប្រាសាទទាំងមូលផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner