រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី បន្ថែមចំនួន៣នាក់ សរុប ៤នាក់ រួមមាន៖ ១.ឈ្មោះ ចាន់ ផុន ភេទស្រី អាយុ ២១ឆ្នាំ ២.ឈ្មោះ ជា គីម ភេទស្រី អាយុ ៥០ឆ្នាំ និង៣.ឈ្មោះ សរ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ ដែលអ្នកទាំងបី មានមុខរបរជាអាជីវករលក់ដូរនៅផ្សារក្រោម និងជាក្រុមគ្រួសាររបស់ លោក អ៊ឹង ខៃលី ដែលវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកស្រី ជា គីម ក៏ជាអាជីវករលក់ដូរនៅផ្សារវត្តអធ្វាផងដែរ។ 

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបន្ថែមការបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទសេចក្តីជូនដំណឹងនេះ រហូតដល់ មានសេចក្តីជូនដំណឹងជាថ្មី។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប និងឈានដល់ចំណុចដែលមានការព្រួយបារម្ភខ្ពស់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយចំនួនក្នុងសង្កាត់ស្វាយដង្គំ សង្កាត់សៀមរាប សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ដែលធ្លាប់បានចេញចូលក្នុងផ្សារក្រោម ផ្សារវត្តអធ្វា និងផ្សារពោធិ៍បន្ទាយជ័យ សូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ អ្នកលក់ដូរ និងអ្នកចេញចូលផ្សារក្រោម និងផ្សារ វត្តអធ្វា ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ 

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ 

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner