អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា អះអាងថា Davis Cup 2021នេះ នឹងជម្រុះអត្តពលិកចាស់ ជំនួសកីឡាករវ័យក្មេងវិញ


លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហើបប្រាប់អ្នកព័ត៌មាន ទូរទស្សន៍អប្សរា ក្នុងកិច្ចសម្ភាសន៍នាព្រឹកមិញនេះថា ក្នុងឆ្នាំ២០២១នេះ សហព័ន្ធមានភារៈកិច្ច២ធំៗ ត្រូវដឹកនាំអត្តពលិកចូលរួមប្រកួតលើឆាកអន្តរជាតិ គឺព្រឹត្តិការណ៍ Davis Cup 2021 និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។

អគ្គលេខាធិការខាងលើ បានព្យល់ថា ស៊ីហ្គេមនៅវៀតណាម សហព័ន្ធបានរៀបចំសមាសភាពកីឡាករត្រូវចូលរួមរួចរាល់ហើយ ប៉ុន្តែសម្រាប់ Davis Cup 2021 វិញ យើងកំពុងជ្រើសរើសកីឡាករវ័យក្មេងប៉ុណ្ណោះ ។

លោក ទេព រិទ្ធីវិទ្ធ អះអាងទៀតថា កីឡាករ៦រូប ដែលចូលរួម Davis Cup កន្លងមក គឺភាគច្រើនកីឡាករចាស់ៗ ដូច្នេះត្រូវជម្រុះចេញទុកតែកីឡាករ ប៊ុន កេន្នីម្នាក់ប៉ុណ្ណោះ ដោយជំនួសមកវិញ នៅយុវជនថ្នាលវ័យក្មេង ដូចជា កីឡាករ ទេព ទីម៉ូធី ឃ្លាំងពន្លក ឡេង សារិនរាជ ជាដើម ។ អគ្គលេខាធិការ បានគូបញ្ជាក់ថា មូលហេតុដែលសហព័ន្ធធ្វើការផ្លាស់ប្តូរកីឡាករចាស់ចេញ ចង់ផ្តល់ឪកាស និងបទពិសោធន៍សម្រាប់កីឡាករវ័យក្មេង ដើម្បីត្រៀមប្រជែងមេដាយជូនកម្ពុជា នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Davis Cup 2021នេះ ដែលប្រទេស Kurmenistan ទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងគ្រុបទី៤ ប៉ុន្តែមិនទាន់ប្រកាសថ្ងៃបរិច្ឆេទនៅឡើយទេ ព្រោះកំពុងទទួលរងការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បញ្ជូនអត្តពលិក៦រូបចូលរួម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner