ផ្សារគគីរ ស្រុកកៀនស្វាយ ត្រូវអាជ្ញាធរខេត្តកណ្តាល ប្រកាសរផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្រោយរកឃើញពលរដ្ឋឆ្លងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ និងអតិថិជនទាំងអស់ដែលចេញចូលផ្សារគគីរ ស្រុកកៀនស្វាយ ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះអាចរីករាលដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលខេត្តកណ្ដាលបានប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល គិតចាប់ពីថ្ងៃទី១៣មេសាឆ្នាំ២០២១ រហូតដល់មានាករជូនដំណឹងជាថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់អាជីវករ អតិថិជនដទៃទៀត ក៏ដូចជាប្រពលរដ្ឋដែលចេញចូលផ្សារនោះ។

ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរនោះ រដ្ឋបាលខេត្តកណ្ដាល ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗមិនឲ្យមានការបាត់បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាទៅឲ្យភាគីពាក់ពន្ធ័ណាមួយឡើយ។ ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាពដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យអាជីវករ ទាក់ទងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner