ក្រសួងអប់រំបើកកិច្ចប្រជុំពិភាក្សាស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនបុគ្គលិកអប់រំ

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡាបានបើកិច្ចប្រជុំរួមគ្នាមួយស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បុគ្គលិកអប់រំ។ កិច្ចប្រជុំតាមរយៈអនឡាញ ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា ចំណុចអាទិភាពសម្រាប់ដំណាក់កាលនេះ គឺការចាក់វ៉ាក់សាំងបង្ការ និងការការពារពីជំងឺកូវីដ-១៩ ព្រមទាំងបានអំពាវនាវឱ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តការពារខ្លួន អនុវត្តវិធានការ៣ការពារ ៣កុំ ទោះបីទទួលបានចាក់វ៉ាក់សាំងទាំង២លើករួចហើយក្ដី ដើម្បីកាត់បន្ថយហានីភ័យនានា។

ជាមួយគ្នានេះ ឯកឧត្ដមបានមានប្រសាសន៍ថា ដើម្បីធានាបាននូវការរៀបចំការចាក់វ៉ាក់សាំងនេះដំណើរដោយជោគជ័យ អង្គភាពនីមួយៗត្រូវចាត់តាំងបុគ្គលិកចូលរួមសកម្មភាព ត្រូវមានការបែងចែកការងារនៅតាមមណ្ឌលនីមួយៗ ស្នើសម្រួលដល់បុគ្គលិកអប់រំដែលមិនទាន់បានចាក់វ៉ាក់សាំង  ព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើកទឹកចិត្ត  ផ្តល់ជាអាហារ  និងថវិកាដល់បុគ្គលិកអប់រំ ដែលឆ្លងមេរោគ ។

 ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់មន្ត្រីក្រោមឱវាទគ្រប់រូប ដែលបានខិតខំបំពេញការងារ និងផ្ដល់ការរាយការណ៍បានទាន់ពេលវេលា ដែលអាចឱ្យការអនុវត្តវិធានការបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ ក្នុងចំណោមបុគ្គលិកអប់រំជាង១៤ម៉ឺននាក់ មានអ្នកទទួលបានការចាក់វ៉ាក់សាំងលើកទី១ ចំនួន៦៧ភាគរយ ក្នុងនោះបុគ្គលិកគ្រឹះស្ថានសិក្សាឯកជន ទទួលបានការចាក់វ៉ាក់សាំងចំនួន២ម៉ឺននាក់។ ការចាក់វ៉ាក់សាំងលើកទី២នៅរាជធានីភ្នំពេញ នឹងចាប់ផ្ដើមប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ខាងមុខ នៅតាម១៥មណ្ឌល សម្រាប់បុគ្គលិកអប់រំដែលមិនទាន់បានចាក់ នឹងត្រូវបន្តក្នុងដំណាក់កាលទី២បន្តទៀត៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner