ផ្សារជាច្រើនក្នុងរាជធានីភ្នំពេញ បានបិទជាបណ្ដោះអាសន្នក្រោយផ្ទុះកូវីដ-១៩(កម្រងរូបភាព)

អត្ថបទដោយ៖
ធី ដា

គិតមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ផ្សារធំៗ និងផ្សារតូចៗ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានប្រកាសបិទជាបន្តបន្ទាប់ ក្រោយពីរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារនីមួយៗ ។

ផ្សារអូរឫស្សីបិទមុនគេ, ផ្សារចាស់ក៏ត្រូវបានបិទបន្ទាប់, ផ្សារដើមគរ ផ្សារនាគមាស ផ្សារធំទួលសង្កែ ឬផ្សាសាំហាន់ ផ្សារបឹងត្របែកផ្លាហ្សា, ផ្សារត្រពាំងថ្លឹង, ផ្សារឯករាជ្យ, ផ្សារទួលពង្រ, ផ្សារសេន ជូរីផ្លាហ្សា ផ្សារដេប៉ូ ផ្សារអូឡាំពិក និងផ្សារមួយចំនួនទៀត ក៏ត្រូវបានប្រកាសបិទជាបណ្ដោះអាសន្ន ដោយសាររកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ បានកើតឡើងចំពោះអាជីវករ និងអ្នកទិញ។ អាជ្ញាធរបានអះអាងថាការបិទផ្សារជាបណ្តោះអាសន្ននេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក៏ដើម្បីចូលរួមអនុវត្តន៍សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ។

សូមបញ្ចាក់ថា រាជរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិត ដើម្បីរឹតបន្ដឹងការអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរកំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំង ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម» ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យប្រើប្រាស់វិធាន ការបិទខ្ទប់ ចំពោះផ្សារ ឬទីតាំងលក់ដូរទាំងឡាយណា ដែលមិនមានរបៀបរៀបរយ ឬមានហានិភ័យខ្ពស់ ក្នុងការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ។ ទិន្នន័យថ្មី ចេញដោយក្រសួង សុខាភិបាល ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដឥ-១៩ បានឱ្យដឹងថា ប្រទេសកម្ពុជា បានបន្តរកឃើញអត្រាអ្នកឆ្លងថ្មី ចំនួន ៣០៣នាក់ ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ ។ ទន្ទឹមនឹងនោះ នៅថ្ងៃដដែល អ្នកជាសះស្បើយបន្ថែមមានចំនួន ២៣៩ នាក់ ។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជា ក្រសួងពាក់ព័ន្ធនានា បានកំពុងបង្កើនការពារ សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ ដើម្បីចៀសវាងការឆ្លងមានការរីករាលដាល កាន់តែមានទំហំធំ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner