អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ផ្ញើសារសួរសុខទុក្ខ សម្តេចតេជោ ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីសួរសុខទុក្ខ ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩។

តាមរយៈលិខិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ង្វៀង ហ្វ៊ូជុង បានលើកឡើងថា សភាពការណ៍នៃជំងឺកូវីដ១៩ នៅតែបន្តប្រព្រឹត្តទៅយ៉ាងស្មុកស្មាញលើពិភពលោកទាំងមូល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយដល់គ្រប់វិស័យ ជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់បណ្តារដ្ឋ ក្នុងនោះមានវៀតណាម និងកម្ពុជា។ បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែបានយកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំនូវសភាពការណ៍នៃជំងឺ និងសូមចែករំលែកការលំបាកដែលកម្ពុជាកំពុងប្រទះដែលបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងទៅ ។

ឯកឧត្តម ង្វៀង ហ៊្វូជុង បានវាយតម្លៃខ្ពស់ចំពោះបណ្តាវិធានការដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដើម្បីបង្ការ និងប្រឆាំងជំងឺ Covid-19 នាពេលកន្លងទៅ ហើយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងចំណាត់ការយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ រួមជាមួយការគាំទ្រ និងសាមគ្គីភាពរបស់ប្រជាជនទាំងមូលកម្ពុជាដាច់ខាតទប់ស្កាត់ និងគ្រប់គ្រងបានដោយជោគជ័យជំងឺ Covid-19 នាពេលឆាប់ៗនេះ។

ឯកឧត្តម អគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម បានថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា ដែលបានដំណើរការចាក់វ៉ាក់សាំងបង្ការ និងប្រឆាំងជំងឺ Covid-19 ជូនកម្មាភិបាលបណ្តាស្ថាប័យតំណាងរបស់វៀតណាម និស្សិតវៀតណាម និងជួយឧប្តម្ភសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ក្នុងការបង្ការ និងប្រឆាំងជំងឺ Covid-19 ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner