រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ដោយសារតែរកឃើញបុរស ម្នាក់ដែលរកស៊ីដឹក​កសិ​ផល(ម្នាស់)ទៅលក់នៅផ្សារនាគមាស បានឆ្លងជំងឺកូវីដ-19

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសំរេច ក្មុងការបិទខ្ទប់ភូមិមួយរបស់ស្រុករុក្ខគីរី បន្ទាប់ពីបានរកឃើញបុរសម្នាក់ ដែលប្រកបរបរដឹកកសិផល(ម្នាស់) ទៅលក់នៅឯផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ។ បុរសខាងលើនេះ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានរកឃើញករណីឆ្លងជំងឺកូវីដ19ដែលជាប់ពាក់ព័ន្ធ និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាមួយគ្នានោះ សមាជិកគ្រួសារចំនួន៧នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តយកវត្ថុសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះ ហើយអាជ្ញាធរកំពុងតែស្វែងរកអ្នកដែលពាក់ព័ន្ធ បន្ថែមទៀតផងដែរ។

      លោក ស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរី ក៏បានឲ្យដឹងផងដែរថា បុរសឈ្មោះ យ៉ាន គឹមយ៉ា អាយុ២៧ឆ្នាំ មុខរបររកស៊ីជាអ្នកដឹកកសិផល យកទៅលក់ នៅឯរាជធានីភ្នំពេញ ត្រូវបានមន្រ្តីសុខាភិបាល ពិនិត្យធ្វើតេស្តរកឃើញថា៖ “វិជ្ជមានកូវីដ-19” កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

      លោកស្រីអភិបាល បានបញ្ជាក់ដែរថា៖ ដោយមានការពាក់ព័ន្ធដោយផ្ទាល់ក្នុងគ្រួសារ គឺសមាជិកគ្រួសាររបស់គាត់សរុបចំនួន៧នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តយកវត្ថុសំណាករួចរាល់ហើយ។ ចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀតក៏បានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនផងដែរ ។

      យោងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាល បានគូសបញ្ជាក់ឲ្យដឹងដែរថា៖ បុរសដែលវិជ្ជមានកូវីដ19នេះ កាលពីថ្ងៃទី១១ខែមេសា គេបានដឹកម្នាស់ទៅលក់នៅផ្សារនាគមាស និងនៅថ្ងៃទី១២ បានវិល  ត្រឡប់មកផ្ទះវិញ ជាមួយនិងមនុស្សចំនួន២នាក់ទៀត។ បុរសខាងលើ ត្រូវបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរួចហើយ។ ជាមួយគ្នានេះមន្ទីរសុខាភិបាលខេត្តកំពុងប្រកាសស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលរូបនេះ ឬ អ្នកធ្លាប់បានចេញចូលរកស៊ីដឹកម្នាស់ជាមួយគ្នា នៅផ្សារនាគមាស និងសូមធ្វើការទំនាក់ទំនងបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០១២ ៤១៦ ២៤៧ និងមួយខ្សែទៀត ០១៧ ៦៤៦ ៩៦៦ ដើម្បីប្រឹក្សាសុខភាព និងយកវត្ថុសំណាក។

នៅក្នុងសេចក្តី បញ្ជាក់ឲ្យដឹបន្ថែមទៀតថា៖ បន្ទាប់ពីបុរសដែលវិជ្ជមានកូវីដ-19 បានត្រឡប់មកដល់ផ្ទះវិញ ខ្លួនបានសម្រាកស្នាក់នៅជាមួយប្រពន្ធ ដែលជា(គ្រូបង្រៀន)និងបានចាក់វ៉ាក់សាំងចំនួន២លើករួចហើយ)និងកូនខ្លួនចំនួន២នាក់។ ជាមួយគ្នានេះធ្លាប់ប៉ះពាល់ជាមួយមិត្តភក្តិនៅក្នុងភូមិ ចំនួន១៥នាក់។ និងប៉ះពាល់ប្រយោលមនុស្សចំនួន២០នាក់ ហើយពួកគេកំពុងធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យមោងឫស្សី ដែលអ្នកទាំងនោះបានយកវត្ថុសំណាកលើកទី១ គឺ៖ អវិជ្ជមាន៕.

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner