ធ្លាប់តែរិះគន់គេ ឥឡូវគេ “ដាក់កញ្ចក់ឱ្យឆ្លុះមើលខ្លួនឯងវិញ”



ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួនតែងដើរបង្រៀន និងផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅកាន់ប្រទេសដទៃ ប៉ុន្តែមិនប្រាកដថាការអនុវត្តរបស់ពួកគេ និងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសទាំងនោះល្អឥតខ្ចោះ ឬល្អជាងគេរហូតនោះទេ។ ការសង្កេត និងបទពិសោធន៍ក្នុងទំនាក់ទំនងអន្តរជាតិច្រើនឆ្នាំកន្លងមកបានបង្ហាញ​ឱ្យឃើញថា ប្រទេសដែលមកប្រដៅគេទាំងនោះ គឺមិនដែលចេះខុស និងមិនដែលទទួលស្គាល់ថាខ្លួនខុស។ អ្វីដែលគេធ្វើ គឺគេតែងតែអះអាងថា ដោយសារហេតុផលនេះ ហេតុផលនោះ ដែលសុទ្ធតែល្អផូរផង់ និងចាំបាច់ដើម្បីការពារផលប្រយោជន៍សង្គមជាតិគេ។ ផ្ទុយទៅវិញ រឿងតែមួយដូចគ្នា ឬសូម្បីតែរឿងកំប៉ិកកំប៉ុកបំផុតក្តី នៅពេលដែលប្រទេសតូច និងក្រីក្រជាអ្នកធ្វើវិញ ប្រទេសទាំងនោះតែងតែចេញមុខរិះគន់ និងចោទថាខុសអញ្ចេះ ខុសអញ្ចុះរហូត ដោយមិនទទួលស្តាប់ ឬទទួលយកការបកស្រាយណាមួយនោះទេ។

តាមពិតទៅ ប្រទេសមហាអំណាច និងប្រទេសអ្នកមានទាំងនោះចង់កៀបសង្កត់ឱ្យប្រទេសដទៃ ជាពិសេសប្រទេសតូចតាចនិងក្រីក្រ បម្រើផលប្រយោជន៍ខ្លួនដោយឥតលក្ខខណ្ឌតែប៉ុណ្ណោះ។ ពួកគេយកទ្រឹស្តីមកសូត្រឱ្យយើងស្តាប់ដើម្បីប្រដៅយើង តែធាតុពិត ពួកគេផ្តោតតែទៅលើផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យឬមិនប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សឬមិនគោរព មិត្តឬអតីតសត្រូវ សុទ្ធតែមិនមែនជាបុរេលក្ខខ័ណ្ឌ ឬកត្តាសំខាន់បំផុតដែលកំណត់បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិនោះទេ នៅក្នុងពិភពលោកដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ។

ដោយតាំងខ្លួនជា “អ្នកការពារច្បាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស” ប្រទេសមហាអំណាចមួយនោះតែងតែសរសេររបាយការណ៍រាប់រយទំព័រជារៀងរាល់ឆ្នាំ ដែលវាយតម្លៃ និងរិះគន់ឥតសំចៃមាត់ទៅលើប្រទេសដទៃ នៅទូទាំងសកលលោក។ ថ្ងៃនេះ យើងលើកយកផ្ទាំងកញ្ចក់មួយមកដាក់នៅចំពីមុខមាត់ទ្វារផ្ទះនៃប្រទេសមហាអំណាចនេះ ដើម្បីបានឃើញច្បាស់ទាំងអស់គ្នា។  

១. ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ

ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ គឺជាគោលការណ៍ដ៏សំខាន់មួយដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាបទដ្ឋានមូលដ្ឋានមួយក្នុងទំនាក់ទំនងអន្តរជាតិ។ ផ្ទុយទៅវិញ ប្រទេសមហាអំណាចមួយនោះ និងសម្ព័ន្ធមិត្តខ្លួនបាននិងកំពុងដើរផ្សព្វផ្សាយ ញុះញង់ និងផ្តល់ការគាំទ្រក្នុងរូបភាពខុសៗគ្នា ដល់ក្រុមប្រឆាំងនៅក្នុងបណ្តាប្រទេសដែលខ្លួនមិនពេញចិត្ត ដើម្បីឱ្យធ្វើសកម្មភាពអុកឡុកបង្កអសន្តិសុខ អស្ថិរភាព ការបះបោរ និងចលាចលសង្គម ក្រោមរូបភាពជាការទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ប៉ុន្តែធាតុពិតគឺជាចលនាធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រទេសទាំងនោះ និងព្យាយាមលើកបន្តុបក្រុមប្រឆាំងដែលខ្លួនគាំទ្រ និងធ្លាប់បានសន្យាថានឹងបម្រើផលប្រយោជន៍ខ្លួន ឱ្យឡើងកាន់អំណាចតែប៉ុណ្ណោះ។

បដិវត្តពណ៌ “Arab Spring” ដែលប្រទេសមហាអំណាចនោះ និងប្រទេសអ្នកមានដែលជាបក្សពួកខ្លួនផ្តល់ការគាំទ្រ និងដឹកនាំជំរុញ បានបង្កភាពវឹកវរឥតស្រាកស្រាននៅក្នុងប្រទេសជាច្រើន នៅតំបន់អាស៊ីខាងលិច និងអាហ្វ្រិកខាងជើង។ ទន្ទឹមនេះ មហាអំណាចនោះបាននិងកំពុងធ្វើសកម្មភាពលួចស៊ើបការណ៍សម្ងាត់ និងធ្វើវិទ្ធង្សនាជាយូរមកហើយ នៅក្នុងប្រទេសវេណេស៊ុយអេឡា ប៉ាណាម៉ា ព្រមទាំងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា និងបានជួយដល់កម្លាំងក្រុមប្រឆាំងនៅក្នុងប្រទេសទាំងនោះរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលសកម្មភាពទាំងនេះគឺជាការជ្រៀតជ្រែកយ៉ាងខ្លាំងចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យដទៃ។

២. រំលោភបំពានច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខ

គួរឱ្យអស់សំណើចប្រទេសមហាអំណាចមួយដែលតាំងខ្លួនថាជា “អ្នកការពារច្បាប់អន្តរជាតិ” ក៏ជាប្រទេសដែលរំលោភបំពានច្បាប់អន្តរជាតិច្រើនជាងគេផងដែរ។ ជាច្រើនលើកច្រើនសារ ប្រទេសមហាអំណាចមួយនេះបានចូលឈ្លានពាន និងវាយប្រហារទៅលើប្រទេសដទៃ ដោយបំពានច្បាប់អន្តរជាតិ ជាពិសេសចំពោះគោលការណ៍គ្រឹះនៃច្បាប់អន្ដរជាតិដែលហាមឃាត់ការប្រើប្រាស់កម្លាំងដោយខុសច្បាប់ ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ព្រមទាំងបានបង្កសង្រ្គាមដោយឥតកោតក្រែងទៅលើប្រទេសដទៃ។ កាលពីខែមិថុនា ឆ្នាំ១៩៨៦ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា “ការផ្តល់ហិរញ្ញប្បទាន និងការបណ្តុះបណ្តាលដល់ក្រុមប្រឆាំងក្នុងប្រទេសនីការ៉ាហ្គ័រ និងការដាក់ពង្រាយអាវុធនៅក្នុងដែនទឹកនីការ៉ាហ្គ័រដោយប្រទេសមហាអំណាចនេះ គឺជាការរំលោភលើអធិបតេយ្យភាពនីការ៉ាហ្គ័រ និងគោលការណ៍ហាមឃាត់ការប្រើប្រាស់កម្លាំងដោយខុសច្បាប់”។

កាលឆ្នាំ២០០៣ ប្រទេសមហាអំណាចនេះ បានប្រើសារធាតុសាប៊ូបោកខោអាវមួយដបធ្វើជាភស្ដុតាងដើម្បីចោទប្រកាន់ “ប្រទេសអ៊ីរ៉ាក់ថាមានអាវុធមហាប្រល័យ” ហើយក្រោយមកបានចូលឈ្លានពាន និងបើកការវាយប្រហារទៅលើប្រទេសនេះ ដោយគ្មានការអនុម័តយល់ព្រមពីអង្គការសហប្រជាជាតិ និងបានធ្វើឱ្យមនុស្សរាប់សែននាក់ស្លាប់និងរងរបួស ហើយជាង១លាននាក់ត្រូវរត់ភៀសខ្លួន។ កាលពីឆ្នាំ២០១៨ មហាអំណាចដដែលនេះ និងសម្ព័ន្ធមិត្តមួយចំនួនបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសស៊ីរី និងបានធ្វើឱ្យជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ស្លាប់និងរបួស ហើយខ្លះទៀតត្រូវរត់ភៀសខ្លួនផងដែរ។ កាលពីខែមករា ឆ្នាំ២០២០ មហាអំណាចដដែលនេះបានលបធ្វើឃាតមេបញ្ជាការកងទ័ពឆ្មាំបដិវត្តឥស្លាម លោក Qassem Soleimani នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបទប្បញ្ញត្តិនៃអនុសញ្ញាទីក្រុងហ្សឺណែវស្តីពីការប្រើប្រាស់កម្លាំងយោធា។

កាន់តែអាក្រក់ជាងនេះទៀត ប្រទេសមហាអំណាចមួយនេះបាននិងកំពុងបង្កើនការស្តុកទុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយប្រើយុទ្ធសាស្រ្តនៃ “ការចរចាត្រីភាគី” ដើម្បីជាលេសគេចវេះពីការទទួលខុសត្រូវពិសេសរបស់ខ្លួន ក្នុងការការរំសាយអាវុធនុយក្លេអ៊ែរ និងថែមទាំងបានបង្ហាញពីចេតនាចង់ធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញទៀតផង។ មហាអំណាចនេះបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបកណ្តាលនិងខាងកើត ហើយក៏កំពុងព្យាយាមដាក់ពង្រាយប្រព័ន្ធមីស៊ីលកម្រិតមធ្យម នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅអឺរ៉ុបផងដែរ ដើម្បីពង្រឹងវត្តមានយោធារបស់ខ្លួន និងបង្កើតអំណាចដែលគ្មានគូប្រៀប។ មហាអំណាចដដែលនេះគឺជាប្រទេសតែមួយគត់ដែលបានប្រឆាំងនឹងការចរចាស្តីពីពិធីសារនៃការត្រួតពិនិត្យលើអនុសញ្ញាអាវុធជីវសាស្ត្រ និងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការត្រួតពិនិត្យលើសកម្មភាពជីវសាស្ត្រនៅក្នុងប្រទេសជាសមាជិក និងដល់ដំណើរការគ្រប់គ្រងអាវុធជីវសាស្ត្រផងដែរ។

៣. សម្លុតគំរាមកំហែង និងដាក់ទណ្ឌកម្មជាឯកតោភាគី

ការសម្លុត និងកៀបសង្កត់គំរាមកំហែងតាមរយៈការដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើរដ្ឋអធិបតេយ្យដទៃ មិនមែនជារឿងចម្លែកនោះទេសម្រាប់ប្រទេសមហាអំណាចមួយនេះ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនច្បាប់មួយ រដ្ឋាភិបាលប្រទេសនេះបានចាត់វិធានការដាក់ទណ្ឌកម្មចំនួនជាង៣៩០០ខុសៗគ្នា ក្នុងរយៈពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាអំណាចនេះបានដាក់ទណ្ឌកម្មជាច្រើនលើក លើគម្រោង “Nord Stream 2” ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ ដោយសារតែគម្រោងនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មឧស្ម័នហ្គាស និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងតំបន់អឺរ៉ាស៊ី។ មហាអំណាចដដែលនេះបានអនុវត្ត “យុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរិមា” ទៅលើប្រទេសអ៊ីរ៉ង់ និងបានរារាំងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ពីការលើកលែងទណ្ឌកម្មផ្នែកសព្វាវុធ និងការហាមឃាត់ការធ្វើដំណើរពីប្រទេសអ៊ីរ៉ង់ឱ្យបានទាន់ពេលវេលា ស្របតាមដំណោះស្រាយ២២៣១ ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ នៅឆ្នាំ ២០២០ មហាអំណាចដដែលនេះបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្តដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់ និងបានប្រកាសដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាឯកតោភាគីផងដែរ។ ប៉ុន្តែចំណាត់ការនេះបានទទួលបរាជ័យ ដោយសារមានការជំទាស់ពីសំណាក់សមាជិកភាគច្រើននៃក្រុមប្រឹក្សាសន្តិសុខ។

ប្រទេសមហាអំណាចមួយនេះ ដែលតែងតែនិយាយគំរាមនាំយកមេដឹកនាំប្រទេសដទៃ ទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌ អន្តរជាតិ នៅមិនទាន់ក្លាយជាភាគីហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលបង្កើតតុលាការនេះនៅឡើយ។ កាន់តែគួរឱ្យអស់សំណើចជាងនេះទៀតគឺថា កាលពីខែកញ្ញា ឆ្នាំ២០២០ មហាអំណាចនេះថែមទាំងធ្លាប់បានប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី ទៅលើមន្រ្តីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតផង ដោយសារតែតុលាការនេះ បានអនុម័តផ្តល់សិទ្ធិដល់ប្រធានព្រះរាជអាជ្ញាខ្លួនបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តដោយពួកតាលីបង់ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ព្រមទាំងកងកម្លាំងយោធា និងបុគ្គលិកស៊ើបការណ៍សម្ងាត់ខ្លួននៅអាហ្វហ្គានីស្ថាន។ ក្រោយពេលមេដឹកនាំថ្មីចូលកាន់តំណែង ទណ្ឌកម្មទាំងនោះក៏ត្រូវបានដកវិញ ប៉ុន្តែមហាអំណាចនេះនៅតែបដិសេធមិនព្រមប្រឈមមុខដោះស្រាយបញ្ហារបស់ខ្លួនដដែល។

៤. លើកតម្កើងខ្លួនជ្រុល និងមិនគោរពការប្តេជ្ញាចិត្តនិងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន

ក្នុងនាមជាប្រទេសមហាអំណាចដែលត្រូវធ្វើគំរូ និងបង្ហាញពីភាពជាអ្នកដឹកនាំដល់ប្រទេសដទៃ ប្រទេសមហាអំណាចមួយនេះ បែរជាមិនទាន់បង់ថវិកាវិភាគទានរបស់ខ្លួនឱ្យបានពេញលេញទៅឱ្យសង្គការសហប្រជាជាតិនៅឡើយ ដែលមកទល់ពេលនេះគិតជាទឹកប្រាក់ចំនួន២,៨៨ពាន់លានដុល្លារ ព្រមទាំងបានគំរាមដកខ្លួន និងបានដកខ្លួនចេញពីសន្ធិសញ្ញា និងអង្គការអន្តរជាតិនានា ហើយចេញចូលវិញតាមចិត្តចង់។ កន្លងមក មហាអំណាចនេះបានប្រកាសដកខ្លួនចំនួន២ដងចេញពីអង្គការយូណេស្កូ (ឆ្នាំ១៩៨៤ និងឆ្នាំ២០១៧), បានប្រកាសកាត់ផ្តាច់ជំនួយដល់មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (ខែមេសា ឆ្នាំ២០១៧) ប៉ុន្តែមេដឹកនាំទើបចូលកាន់តំណែងថ្មីបានប្រកាសថានឹងស្តារការចូលរួមនេះឡើងវិញ, បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (ខែមិថុនា ឆ្នាំ២០១៧) ប៉ុន្តែបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២០ថានឹងចូលមកវិញ ក្រោយពីដកខ្លួនចេញជាផ្លូវការអស់រយៈពេល២ខែ, បានប្រកាសថានឹងមិនចូលរួមក្នុងកតិកាសញ្ញាសកលស្តីពីដំណើរការចរចាពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ (ខែធ្នូ ឆ្នាំ២០១៧), បានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (ខែមិថុនា ឆ្នាំ២០១៨) ប៉ុន្តែបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២១វិញថានឹងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សានេះ សម្រាប់អាណត្តិឆ្នាំ២០២២-២០២៤, បានប្រកាសដកខ្លួនចេញពីពិធីសារជម្រើសនៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលទាក់ទងនឹងការដោះស្រាយវិវាទជាកាតព្វកិច្ចពាក់ព័ន្ធនឹងយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ខែតុលា ឆ្នាំ២០១៨), បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈម្ងាយមធ្យម (ឆ្នាំ២០១៩) និងបានប្រកាស នៅក្នុងដំណាក់កាលដ៏សំខាន់នៃការប្រយុទ្ធប្រឆាំងជាសកលទៅនឹងវីរុសកូវីដ-១៩ ថានឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (នៅខែកក្កដា ឆ្នាំ២០២០) ប៉ុន្តែមេដឹកនាំដែលទើបចូលកាន់តំណែងថ្មីនឹងផ្អាកដំណើរការដកខ្លួននេះវិញ។

៥. អនុវត្តស្តង់ដាពីរ និងរំលោភសិទ្ធិមនុស្ស

និយាយពីការរំលោភបំពានសិទ្ធិមនុស្ស ប្រទេសមហាអំណាចមួយនេះតែងតែរិះគន់រដ្ឋអធិបតេយ្យដទៃដោយឥតសំចៃមាត់ ប៉ុន្តែបែរជាមើលរំលងអំពីការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្លួន និងនៅក្នុងប្រទេសខ្លួនទៅវិញ។ របាយការណ៍របស់អង្គការ “Stop AAPI Hate” បានឱ្យដឹងថា ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១នេះ យ៉ាងហោចណាស់មានការរើសអើងជាតិសាសន៍ចំនួន៣.៧៩៥ករណីត្រូវបានគេរាយការណ៍ ក្នុងប្រទេសមហាអំណាចមួយនេះ ហើយអ្នកដែលមានដើមកំណើតអាស៊ីបានទទួលរងនូវការរើសអើងខ្លាំងជាងគេក្នុងអំឡុងមានជំងឺឆ្លងរាតត្បាត។

គណៈកម្មាធិការទទួលបន្ទុកផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ ថា ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីទៅលើប្រទេសដទៃ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការអនុវត្តសិទ្ធិរបស់ប្រជាជន។ ដូច្នេះ ដើម្បីការពារសិទ្ធិក្នុងការរស់រានមានជីវិត ក៏ដូចជាសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព ប្រទេសនីមួយៗមិនគួរដាក់ទណ្ឌកម្ម ឬចាត់វិធានការណាមួយ ដើម្បីរឹតត្បិតការផ្គត់ផ្គង់ថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រដល់ប្រទេសមួយផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ នៅក្នុងអំឡុងពេលកើតមានជំងឺរាតត្បាត ប្រទេសមហាអំណាចនេះបានដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ គុយបា វេណេហ្ស៊ុយអេឡា ស៊ីរី និងប្រទេសដទៃទៀត ដែលបានបង្កការលំបាកដល់ប្រទេសទាំងនោះក្នុងការទទួលបានសម្ភារៈវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឱ្យបានទាន់ពេលវេលា និងធ្វើឱ្យវិបត្តិមនុស្សធម៌មានសភាពកាន់តែធ្ងន់ធ្ងរ។

ដោយអនុវត្តផ្ទុយនឹងឯកសារអន្តរជាតិនានា និងច្បាប់ជាតិរបស់ខ្លួន ប្រទេសមហាអំណាចមួយនេះ បានបន្តនិរទេសខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដោយមិនខ្វល់ពីហានិភ័យរបស់ពួកគេក្នុងការឆ្លងមេរោគកូវីដ-១៩ និងបានអនុវត្តគោលនយោបាយបំបែកបំបាក់គ្រួសារ ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិកុមារដែលជាជនអន្តោប្រវេសន៍។ សារព័ត៌មាន Los Angeles Times បានឱ្យដឹងថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក រដ្ឋាភិបាលប្រទេសមហាអំណាចនេះបានបណ្តេញកុមារចំណាកស្រុកយ៉ាងតិចចំនួន៨.៨០០នាក់ ដែលគ្មានឯកសារគ្រប់គ្រាន់។

ក្នុងឆ្នាំ២០២០ មនុស្សចំនួន២១នាក់បានស្លាប់នៅក្រោមការឃុំខ្លួនរបស់អាជ្ញាធរអន្តោប្រវេសន៍ និងគយនៃប្រទេសមហាអំណាចនេះ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៥មក។ វេជ្ជបណ្ឌិតនៅតាមកន្លែងឃុំខ្លួននេះបានរងការចោទប្រកាន់ថាបានធ្វើការវះកាត់រោគស្ត្រីដោយមិនចាំបាច់លើស្ត្រីអន្តោប្រវេសន៍រាប់សិបនាក់ និងថែមទាំងបានវះកាត់យកស្បូនចេញ ដោយគ្មានការយល់ព្រមពីពួកគេ ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ស្ត្រី។ ជាងនេះទៀត មានរបាយការណ៍ស្តីពីការប្រើប្រាស់កម្លាំងហួសប្រមាណពីសំណាក់មន្រ្តីអនុវត្តច្បាប់នៃប្រទេសមហាអំណាចនេះ ដែលបានបណ្តាលឱ្យមនុស្សជាច្រើនបានស្លាប់ ជាពិសេសអ្នកមានដើមកំណើតអាហ្វ្រិក ដែលជាអំពើរំលោភបំពានលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ។

ផ្ទុយនឹងស្មារតីនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្មដែលខ្លួនជាហត្ថលេខី ប្រទេសមហាអំណាចមួយនេះនៅបន្តការធ្វើទារុណកម្មនៅក្នុងប្រព័ន្ធតុលាការរបស់ខ្លួន។ អតីតមន្រ្តីជាន់ខ្ពស់របស់មហាអំណាចនេះធ្លាប់បានសារភាពថា កងទ័ពខ្លួនបានសម្លាប់អ្នកទោសអ៊ីរ៉ាក់មួយចំនួន ហើយក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ាក់ យ៉ាងហោចណាស់មនុស្សចំនួន១០០នាក់បានស្លាប់នៅក្នុងការសួរចម្លើយ។ កាលពីឆ្នាំ២០២០ អតីតមេដឹកនាំប្រទេសមហាអំណាចនេះបានលើកលែងទោសដល់បុគ្គលិកចំនួន៤នាក់នៃក្រុមហ៊ុនយោធាឯកជនឈ្មោះ “Blackwater” ដែលបានប្រព្រឹត្តអំពើសម្លាប់រង្គាល និងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ីរ៉ាក់ ដែលការលើកលែងទោសនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ច្បាប់ស្តីពីមនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្ស ក៏ដូចជាស្តែងឱ្យឃើញពីការប្រមាថមាក់ងាយទៅលើប្រព័ន្ធយុត្តិធម៌ ក៏ដូចជាជនរងគ្រោះ និងក្រុមគ្រួសារពួកគេផងដែរ។

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

ដោយ ៖ ចៅច័ន្ទ (មតិពីប្រជាជន) 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner