សម្តេចតេជោ នឹងថ្លែងសុន្ទរកថាបើក តាមរយៈវីដេអូថតទុកមុន នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់77th UN-ESCAP

ភ្នំពេញ : តបតាមការអញ្ជើញរបស់លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ ESCAP នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក តាមរយៈវីដេអូថតទុកមុន នៅក្នុងសន្និបាត ប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (77th UN-ESCAP) ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

របស់ក្រសួងការបរទេសបានបន្តថា សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសកល ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្រោមមូលបទ «ការស្តារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំលើកទី៧៧ នឹងពិភាក្សាអំពីរបៀបនានាដើម្បីពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់និងការតភ្ជាប់កាន់តែប្រសើរឡើង និងដើម្បីកសាងភាពរឹងមាំ នៅក្នុងវិបត្តិផ្សេងៗ ដោយពិចារណាទៅលើជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ។ សន្និបាត ក៏នឹងពិនិត្យមើលឡើងវិញនូវការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច ប្រធានគណៈកម្មការជាតិ ESCAP ក៏នឹងអញ្ជើញចូលរួមក្នុងសន្និបាតខាងលើនេះ តាមរយៈប្រព័ន្ធវីដេអូ ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner