លោកជំទាវ ម៉ែន សំអន ៖ សូមពលរដ្ឋមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ចំនួន ៣៥៦គ្រួសារ ស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យក្រុមការងាររួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិត ។

លោកជំទាវបានបន្តទៀតថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេស ការអនុវត្តវិធានការ ៣ការពារ ៣កុំ និងការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងកុំជឿតាមការញោះញ៉ុងរបស់ជនអគតិមួយចំនួន ។

លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេស ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner