អ្នកវិភាគចៅចាក់ស្មុក៖ ការអនុវត្តវិធានការបិទខ្ទប់ដ៏រំភើយបែបកូនជនក្បត់ជាតិនេះហើយដែលធ្វើឱ្យប្រទេសបារាំងមានអ្នកឆ្លងជំងឺកូវីដកើនឡើង ហើយអត្រាស្លាប់ក៏កើនឡើង

អត្ថបទដោយ៖
AMS

ក្រៅពីការចេញមកញុះញង់ប្រជាពលរដ្ឋនៅកម្ពុជាមិនឱ្យ គោរពនិងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ញុះញង់ឱ្យពលរដ្ឋចេញពីលំនៅដ្ឋានធ្វើសកម្មភាពធម្មតាដោយមិនគិតគូរពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការស្លាប់បាត់បង់ជីវិតនៃអ្នកជំងឺ ទណ្ឌិត សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី បានបន្តបំភ្លៃប្រជាពលរដ្ឋអំពីវិធានការបិទខ្ទប់នៅប្រទេសបារាំងនិងនៅប្រទេសកម្ពុជា។ ទណ្ឌិតរូប នេះនិយាយថាការបិទខ្ទប់នៅប្រទេសបារាំងពេលនេះ មានលក្ខណៈខុសគ្នាឆ្ងាយពីកម្ពុជា តែទណ្ឌិតរូបនេះមិន បានលើកឡើងពីការបិទខ្ទប់ ៣ លើករួចមកហើយដែលរដ្ឋាភិបាលបារាំងបានអនុវត្តវិធានការហ្មឺងម៉ាត់ ដូចអ្វីដែល កម្ពុជាកំពុងអនុវត្តនេះទេ។ នេះគឺជាការញុះញង់សុទ្ធសាធ ហើយអ្នកដែលរងគ្រោះពិតប្រាកដមិនមែនក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកទេ គឺប្រជាពលរដ្ឋខ្មែរដែល នឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះមិនគោរពតាមវិធានការសុខាភិបាលដែលជាភាពចាំបាច់ដែលត្រូវអនុវត្តដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។

តាមពិតទៅទណ្ឌិតពូជកូនជនក្បត់ជាតិនេះ និយាយឱ្យបានត្រឹមតែពីរោះខ្លួនឯងនិងកុំឱ្យគេឯងភ្លេចមុខ ភ្លេចសម្តីប៉ុណ្ណោះ។ អ្វីដែលទណ្ឌិតរូបនេះបាននិងកំពុងធ្វើនៅស្រុកបារាំងហើយថតអួតសកម្មជនរបស់ខ្លួនគឺជាការបង្ហាញពីពលរដ្ឋបារាំងគំរូដ៏អាក្រក់មួយរូបដែលមិនគោរពវិធានការបិទខ្ទប់របស់រដ្ឋាភិបាល។ ដោយសារតែបារាំងមានពលរដ្ឋអាក្រក់ដូចទណ្ឌិតរូបនេះបានជាធ្វើឱ្យប្រទេសបារាំងប្រឈមមុខនឹងការបន្តបិទខ្ទប់ប្រទេស ហើយបើពិនិត្យមើលអត្រានៃការឆ្លងវិញ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,៥លាននាក់ ហើយមានអ្នកស្លាប់ចំនួន ១០២ ៨៧២នាក់ ជាប់ចំណាត់ថ្នាក់លេខ ៤ លើពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាម៉េរិក (៣២,៧៨លាននាក់) ប្រទេសឥណ្ឌា (១៧លាននាក់) និងប្រទេសប្រេស៊ីល (១៤,៣ លាន)។ គ្រាន់តែមួយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ប្រទេសបារាំងមានអ្នកឆ្លងថ្មីចំនួន ៣២៦៤២នាក់ និងស្លាប់ចំនួន ២១៧នាក់។ គំរូដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៊ី មិនមែនជាអ្វីដែលប្រទេសបារាំងត្រូវការ ហើយកម្ពុជាក៏កាន់តែលែងត្រូវការដែរ។ កម្ពុជាដែលនៅពេលនេះឈរលំដាប់ថ្នាក់ទី១៥៥ ដែលមានការឆ្លងជំងឺកូវីដ១៩ ចំនួន ៩.៣៥៩នាក់ និងមានអ្នកស្លាប់ចំនួន ៧១ នាក់ ហើយកម្ពុជាបាននិងកំពុងចាត់វិធានការយ៉ាងហ្មឺងម៉ាត់ក្នុងការជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋគ្រប់រូប។

ការប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មិន មែនតែកម្ពុជា ហើយការអនុវត្តវិធានការបិទខ្ទប់រាជធានី ក្រុងស្រុក និងប្រទេសត្រូវបានរដ្ឋាភិបាលនានានៅលើ ពិភពលោកសម្រេចយកដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការ ឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ជួយការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ប្រទេសរៀងខ្លួន។ ក្រោមការគ្រប់គ្រងនិងដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគ្រប់គ្រងស្ថានភាពនិងទប់ស្កាត់មិនឱ្យមានការឆ្លងក្នុងសហគមន៍រយៈពេលជាងមួយឆ្នាំ ទទួលការកោតសរសើរពីពិភពលោក និងបានជួយមនុស្សជាច្រើនរាប់ទាំងជនជាតិបារាំងដែលជាជនរួមជាតិរបស់ទណ្ឌិតរត់ចោលស្រុកនេះផងដែររហូតដល់ពិភពលោកប្រសិទ្ធនាមថា «កម្ពុជាតូចតែបេះដូងទូលាយ»។ ចម្លែកតែកូនពូជជនក្បត់ជាតិ និងគូកន របស់ពួកគេដែលធ្វើមិនដឹងមិនឮពីវិធានការបិទខ្ទប់នេះ ហើយបែរជាប្រើប្រាស់វិធីសាស្ត្រញុះញង់ពលរដ្ឋ ព្យាយាមបំផ្លាញសន្តិភាព ស្ថិរភាពជាតិ និងប៉ុនប៉ងរុញច្រានកម្ពុជាចូលក្នុងភាពចលាចលដើម្បីបម្រើមហិច្ឆតាឡើងកាន់អំណាចបែបមិនប្រជាធិបតេយ្យរបស់ខ្លួន ខណៈជាតិ និងប្រជាជនកម្ពុជាទាំងមូលកំពុងជាប់ដៃប្រយុទ្ធនឹងសត្រូវឥតស្រមោលជំងឺកូវីដ១៩ ដើម្បីរក្សាអាយុជីវិត និងភាពសុខសាន្តរបស់ពលរដ្ឋគ្រប់រូប។

ក្រៅពីធ្វើនយោបាយបំផ្លាញជាតិ និងក្បត់ជាតិ ក្បត់ប្រជាជន តើទណ្ឌិតកូនជនក្បត់ជាតិរូបនេះនិងបក្ខពួកបានធ្វើអ្វីជាប្រយោជន៍ជាតិ? នៅពេលដែលពលរដ្ឋកំពុងជួបប្រទះនឹងវិបត្តិបង្កឡើងដោយជំងឺឆ្លងកូវីដ១៩ តើក្រុមជន ដែលតាំងខ្លួនជាជើងឯកស្នេហាជាតិ ស្រឡាញ់ប្រជាជនបានជួយអ្វីដល់ពលរដ្ឋហើយ? គឺគ្មានឡើយ ក្រៅពីរុញសកម្មជនខ្លួនឱ្យជាប់គុកជំនួសខ្លួនតាមការញុះញង់ និងយកជើងរាទឹកបង្អាក់វិធានការជួយសង្គ្រោះ ការពារអាយុជីវិតពលរដ្ឋរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ នេះគេហៅថាអ្នកប្រឆាំង ដ៏ងប់ងល់និងវង្វេងវង្វាន់ពុលទឹកមាត់។ សូម្បីតែវិធានការសង្គ្រោះអាយុជីវិតពលរដ្ឋដែលរដ្ឋាភិបាលបានដាក់ចុះ ក៏ពួកគេត្រូវតែចេញមកប្រឆាំងដែរ។ ពួកគេគួរខ្មាសពលរដ្ឋកម្ពុជាដែលចេះចែករំលែកទុក្ខលំបាកចូលរួមជាមួយរាជរដ្ឋាភិបាលចែកគ្រឿងឧបភោគ បរិភោគដល់អ្នកខ្វះខាត និងរួមសាមគ្គីគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។ បើខ្លួនពិតជាស្រឡាញ់ជាតិនិងពលរដ្ឋពិតមែន មិនចាំបាច់ប្រើវិធីញុះញង់ដ៏ថោកទាបឡើយ គឺពួកគេគួរវង្វិលមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យដែលបានរៃអង្គាសបានជិត ១ លានដុល្លារយកមកជួយពលរដ្ឋ ហើយបើមិនបានដល់ពលរដ្ឋទាំងអស់ ក៏សម្រាប់សកម្មជនខ្លួន ដែលខំដើរតាមការបោកប្រាស់របស់ខ្លួនដែរ។ តែទំនង លុយមូលនិធិនេះត្រូវបានក្រុមទណ្ឌិតរត់ចោលស្រុកចាយអស់ទៅហើយនៅសល់ត្រឹមវិក្កយបត្រប៉ុណ្ណោះ ហើយព្យាយាមរៃអង្គាសប្រាក់បន្ថែមពីសកម្មជនខ្លួនទៀតក៏ថាបាន។

ដូច្នេះ អ្វីដែលកូនជនក្បត់ជាតិព្យាយាមក្រឡុកស្ថានការណ៍ ញុះញង់ប្រជាពលរដ្ឋគឺជាវិធីសាស្ត្របំផ្លាញជាតិ ក្នុងគ្រាដែលជាតិនិងប្រជាជនកំពុងជាប់ដៃក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ១៩ និងខិតខំរុញឱ្យពលរដ្ឋកម្ពុជាបំពានច្បាប់រដ្ឋ និងវិធានការសុខាភិបាល ឆ្លងជំងឺកូវីដ១៩ កាន់តែច្រើន ស្លាប់មនុស្សកាន់តែច្រើន ហើយពួកគេពិតជាសប្បាយរីករាយដែលឃើញកម្ពុជាធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ រួចពួកគេនឹងបានលេសវាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ទង្វើទាំងនេះគឺជាសកម្មភាពក្បត់ជាតិ និងបំពានច្បាប់ជាធរមានដែលចាំបាច់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការផ្លូវច្បាប់ប្រឆាំងមេក្លោងបដិវត្តន៍ពណ៌រូបនេះព្រមទាំងគូកននៅក្នុងស្រុកដែលកំពុងតែធ្វើការផ្សព្វផ្សាយឃោសនាញុះញង់ប្រជាពលរដ្ឋតាមមេក្លោងរបស់ខ្លួន ផ្ទុយពីវិធានការរបស់រដ្ឋាភិបាល និងក៏ដើម្បីគ្រប់គ្រងសភាពការណ៍នៃការបិទខ្ទប់ឱ្យមានប្រសិទ្ធភាពសំដៅការពារអាយុជីវិតពលរដ្ឋឱ្យខាងតែបាន៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner