ឃាត់ខ្លួនមនុស្សជាង២០០នាក់ដែលល្មើសនឹងបំរាមបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ : សមត្ថកិច្ចបានធ្វើការបង្ក្រាបបុគ្គលដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញចំនួនជាង ២០០នាក់ ក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំធ្វើការផាកពិន័យអន្តរការណ៍។ ក្នុងចំណោមមនុស្សនោះក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទាំងប្រជាពលរដ្ឋផងដែរ។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកកាសែតថា គិតត្រឹមថ្ងៃទី២៤ ខែមេសាសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៥៧នាក់ដោយក្នុងនោះតុលាការបានចេញ ដីកាឃុំខ្លួនចំនួន ៧នាក់ , បញ្ជូនទៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ៦នាក់ , បានធ្វើការអប់រំណែនាំនិងដោះលែងចំនួន ១១នាក់ និងពិន័យអន្តរការណ៍ចំនួន ២២៨។

ជាការកត់សម្គាល់ នៅក្នុងចំណោមមនុស្សជាង២០០នាក់នោះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា នៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសានៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្រ្តា ជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសាត្រូវបានតុលាការចេញដីកាឃុំខ្លួន ពាក់ព័ន្ធករណីវាយសមត្ថកិច្ច និងរារាំងវិធានការបិទខ្ទប់។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត៕
ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner