តើអ្នកណាធ្វើអ្វីខ្លះក្នុងពេលកម្ពុជាស្ថិតក្នុងសមរភូមិដ៏គ្រោះថ្នាក់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩?

អត្ថបទដោយ៖
AMS

រយៈពេលជាង ២ ខែក្រោយការផ្ទុះឡើងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ឬព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កម្រិតនៃការឆ្លងរីករាលនៅតែស្ថិតក្នុងកម្រិតខ្ពស់និងគួរឱ្យព្រួយបារម្ភដដែល មិនទាន់មាន សញ្ញាថមថយណាមួយនៅឡើយ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៨៨០នាក់ថែមទៀតនៅក្នុង ១៤ ខេត្តដែលរួមមានរាជធានីភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកំពង់ឆ្នាំង ៣នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។ រយៈពេល ៦៩ ថ្ងៃមកនេះ ព្រឹត្តិការណ៍សហគមន៍មានអ្នកឆ្លងជំងឺចំនួន ១២០៩០នាក់ ក្នុងនោះ ៤៥៥២នាក់បានជាសះ ស្បើយ និង ៩១នាក់បានស្លាប់បាត់បង់ជីវិត។ នេះគឺជា ស្ថានភាពដ៏លំបាកបំផុតសម្រាប់កម្ពុជា ខណៈកម្ពុជាទាំងមូលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការឆ្លងក្នុងសហគមន៍បានយ៉ាងល្អរយៈពេលជាងមួយឆ្នាំ។ ស្ថានភាពលំបាកដែលមិនមែនតែកម្ពុជាតែមួយប៉ុណ្ណោះដែលកំពុងតែជួបប្រទះ តែប្រទេសនានាលើពិភពលោកបានជួបប្រទះនូវមហន្តរាយបង្កដោយជំងឺដ៏កាចសាហាវនេះ និងមានស្ថានភាពលំបាកជាងកម្ពុជារាប់រយដង។


ឥឡូវនេះ យើងអាចពិនិត្យស្ថានភាពនៅកម្ពុជា ខណៈកំពុងតែស្ថិតក្នុងសមរភូមិដ៏គ្រោះថ្នាក់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ តើអ្នកណាធ្វើអ្វីខ្លះ? ជ្រុង ៣ សំខាន់ដែលយើងគួរពិនិត្យក្នុងពេលនេះគឺជ្រុងសមត្ថកិច្ចរាជរដ្ឋាភិបាល ជ្រុងនៃបណ្តាប្រទេសជាមិត្ត និងជ្រុងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលស៊ីឈ្នួលបរទេស។

ជ្រុងទី១៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងកម្លាំងមានសមត្ថកិច្ច ដោយរួមទាំងក្រុមគ្រូពេទ្យដ៏អង់អាចក្លាហាននៅសមរភូមិជួរមុខ គិតតែចាត់វិធានការ និងធ្វើគ្រប់កិច្ចការទាំងអស់ ទាំងយប់ ទាំងថ្ងៃមិនគិតពីការនឿយហតុ់ ដើម្បីជួយដល់អាយុជីវិត និងសុខភាពប្រជាជន ព្រមទាំងផ្តល់ជំនួយសង្រ្គោះបន្ទាន់ដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនតាមលទ្ធភាពក្នុងគ្រាដ៏លំបាក ចំណែកពួកប្រឆាំង និងក្រុមសិទ្ធិមនុស្ស គិតតែរិះគន់រិះគន់ និងប្រឆាំងចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដោយលើកហេតុផលសិទ្ធិមនុស្សគ្រប់រឿង ដោយថែមទាំងមានការញុះញង់ប្រជាជនឲ្យងើបប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច។ ពួកគេរួមទាំងនិយាយរឿងផ្តេសផ្តាស់មិនឲ្យប្រជាជនការពារខ្លន ដូចជារឿង ខ្មែរមានគ្រាប់ឈាមពិសេស មិនឆ្លងជំងឺកូវីដ-១៩ ឬកុំឲ្យទៅទទួលយកការចាក់វ៉ាក់សាំងចិន ជាដើម ប៉ុន្តែ ជំនួយផ្នែកសិទ្ធិមនុស្សនេះ និងការមិនឃោសនានយោបាយប្រឆាំងបែបឆ្កួតលីលាទាំងនេះ មិនបានជួយដល់ក្រពេះ និងអាយុជីវិតរបស់ប្រជាជនឡើយ។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ដែលដេកស៊ីលុយបរទេស ដើម្បីធ្វើគម្រោងសិទ្ធិមនុស្ស គួរបង្វែរកញ្ចប់ថវិកាខ្លះ និងរៀបចំកម្លាំងជួយដល់ផ្នែកសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាក្នុងពេលនេះវិញ ជាការប្រសើរជាង។

ជ្រុងទី២៖ ចំពោះប្រទេសជាមិត្ត គឺអាចមាន ៣ ក្រុម ៖ ក្រុមទី១-គិតតែពីជួយដល់ខ្មែរ ដូចជា ជួយរឿងវ៉ាក់សាំង, ថ្នាំសង្កូវ, គ្រឿងបរិក្ខារពេទ្យ….ជាដើម ក្នុងនោះ បើនិយាយពីប្រទេសចិនវិញ គឺគិតតែពីជួយដល់កម្ពុជា និងប្រជាជនកម្ពជា ធ្វើម៉េចដើម្បីឱ្យកម្ពុជារួចផុតពីគ្រោះថ្នាក់ដោយជំងឺនេះ ព្រមទាំងស្ថារសេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជាឡើងវិញឲ្យបានឆាប់រហ័ស។ ក្រុមទី២-ប្រទេសមួយចំនួនទៀត ក៏បានជួយដល់កម្ពុជា ក្នុងគ្រាដ៏លំបាកនេះផងដែរ ទាំងផ្នែកសម្ភារៈ និងផ្នែកផ្លូវចិត្ត ក៏ដូចជា ថែរក្សាទំនាក់ទំនងសហប្រតិបត្តិការ ផ្នែកសង្គម, សេដ្ឋកិច្ច និងនយោបាយជាមួយកម្ពុជា។ ក្រុមទី៣-មិនបានជួយអ្វីដល់ជាតិនិងប្រជាជនកម្ពុជាដែលកំពុងរងគ្រោះដោយសារតែជំងឺកូវីដ១៩ឡើយ ប៉ុន្តែពួកគេបានផ្តោតលើជំនួយដល់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលដើម្បីធ្វើសកម្មភាព និងបើកយុទ្ធនាការផ្សេងៗប្រឆាំងនឹងរដ្ឋាភិបាលដោយមិនខ្វល់នឹងសុខទុក្ខពលរដ្ឋដែលកំពុងរងគ្រោះនិងរួតរឹតដោយជំងឺកូវីដ១៩ឡើយ។

ជ្រុងទី៣៖ អង្គការអន្តរជាតិ ផ្នែកសិទ្ធិមនុស្ស ដោយរួមទាំងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិវិញ គិតតែពីតាមចាប់កំហុស និងរិះគន់អំពីចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលបាន និងកំពុងខិតខំធ្វើកិច្ចការទាំងឡាយ ទាំងយប់ ទាំងថ្ងៃ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកម្ពុជា។ អង្គការទាំងនេះ និយាយពីរឿងសិទ្ធិមនុស្ស តែមិនចេះចែកសិទ្ធិតូច សិទ្ធិធំ ឬសិទ្ធិអាទិភាព និងបន្ទាប់បន្សំអីទេ ដូចជាសិទ្ធិរស់រានមានជីវិតជាដើម។ អង្គការក្នុងស្រុកខ្លះដែលទទួលបានលុយគាំទ្រពីក្រៅប្រទេស ក៏ធ្វើសកម្មភាពបែបវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាយ៉ាងសកម្មផងដែរ។ ទោះជាប្រធានអង្គការក្នុងស្រុកនិងបុគ្គលិកពួកគេជាជនជាតិខ្មែរ ប៉ុន្តែក្រុមជនទាំងនោះមិនមានចិត្តនិងបេះដូងជាខ្មែរឡើយ។ ពួកគេមានចិត្តគំនិតនិងខួរក្បាលជាជនបរទេស និងធ្វើសកម្មភាពបម្រើផលប្រយោជន៍បរទេសយ៉ាងដាច់ខាតបំផុត ដោយដើរតាមរបៀបវារៈដែលម្ចាស់ហិរញ្ញវត្ថុរបស់ខ្លួន ដាក់ចុះឱ្យធ្វើ បំពេញគោលដៅរបស់ពួកគេ ទោះបីជាពលរដ្ឋខ្មែរឆ្លងជំងឺកូវីដច្រើនពាន់នាក់ និងស្លាប់ច្រើននាក់ក៏ដោយ ក៏ពួកគេមិនខ្វល់ខ្វាយអ្វីឡើយ។

សរុបមកវិញ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពលរដ្ឋប្រាកដជាមើលឃើញច្បាស់ថាតើនរណាជាអ្នកធ្វើពិតប្រាកដ នរណាជាអ្នកជួយសង្គ្រោះជីវិត និងការពារអាយុជីវិតប្រជាពលរដ្ឋពីការយាយីផ្តាច់ជីវិតពីសំណាក់ មច្ចុរាជកូវីដ១៩។ គេក៏កាន់តែឃើញច្បាស់ថានរណាដែលឈរឱបដៃចាំមើល និងយកជើងរាទឹកក្នុងការការពារអាយុជីវិតពលរដ្ឋ និងមិនតែប៉ុណ្ណោះថែមទាំងញុះញង់ពលរដ្ឋកុំអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ថែមទៀតផង។ ពាក្យសុភាសិតខ្មែរបុរាណពោលថា «ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន» ហើយសុភាសិតនេះនៅតែមានតម្លៃ និងកាន់តែមានតម្លៃក្នុងពេលដែលកម្ពុជាប្រឈមមុខនឹង ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងពេលនេះ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner