ប្រមុខការពារជាតិ: ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺប្រើពេល១ខែ

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា តាមផែនការដែលបានគ្រោងទុកគឺការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នឹងប្រើរយៈពេល១ខែ ក្នុងខែឧសភា គឺឲ្យហើយទាំងការចាក់លើកទី១ និងលើកទី២។ ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយប្រគល់ភារកិច្ចរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម គឺដោយសារតែនៅក្នុងរាជធានីភ្នំពេញ មានការឆ្លងរាលដាល ជំងឺកូវីដ១៩ ខ្លាំងណាស់ ហើយជារៀងរាល់ថ្ងៃមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដូច្នេះភាពភ្លឺស្វាង និងចក្ខុវិស័យដល់ជាក់លាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា យកវ៉ាក់សាំងទៅស្រោចនៅតំបន់ក្រហមឲ្យវាឃើញថា វ៉ាក់សាំងចូលទៅក្នុងរាងកាយអ្នកដែលមានហានិភ័យខ្ពស់នៅក្នុងតំបន់ក្រហម គឺនៅក្នុង ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល និងធ្វើយ៉ាងណាទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតំបន់ក្រហមឲ្យមានប្រសិទ្ធភាព។

សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទៅដោយផ្តើមចេញពីតំបន់ក្រហម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំឱ្យ ឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជា ទទួលបាន រួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។ តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ១លាន៣សែននាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner