អគ្គនាយកដ្ឋាន​គយ​បញ្ជា​ឱ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​ការនាំ​ចូល ​និង​ព្យួរ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយចំពោះ​សាច់​បង្កក ​និង​ទំនិញ​បង្កក​ដែលមាន​ហានិភ័យ​ផ្សេងទៀត​មកពី​ឥណ្ឌា

​ភ្នំពេញៈ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​នៅ​ថ្ងៃទី​០១​ ខែឧសភា​នេះ​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រធាន​នាយក​ដា្ឋ​ន សាខា​ និង​ការិយាល័យ​គយ​ និង​រដ្ឋាករ​អំពី​ការផ្អាក​ជា​បណ្ដោះអាសន្ន​ការនាំ​ចូល​ និង​ព្យួរ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ចំពោះ​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែល​អាចមាន​ហានិភ័យ​ផ្សេងទៀត​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា។ ​ការសម្រេច​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើរ​របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជូនទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​សុំ​គោលការណ៍​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយសារតែ​ការផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូ​វីដ​១៩ ​នៅ​ប្រទេស​ឥណ្ឌា​។​

​សេចក្តីជូនដំណឹង​ខាងលើ​បាន​បញ្ជាក់ថា យោង​តាមលិខិតចុះ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការឃាត់ទុក និង​ផ្អាក​ជា​បណ្តោះអាសន្ន​ការនាំ​ចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​មាន​ហានិភ័យ ផ្សេងទៀត​មកពី​ប្រទេស​ឥណ្ឌា។ យោងតាម​ស្ថានភាព​យ៉ាងធ្ងន់ធ្ងរ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​៥-១៩ នៅ​ប្រទេស​ឥណ្ឌា និង​អនុលោម​តាម​ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋាករ​កម្ពុជា​សូម​ធ្វើការ​ណែនាំ​ឲ្យ​អនុវត្ត​ជា​បណ្ដោះអាសន្ន​លើ​ការ​នាំចូល​សាច់​បង្កក ​និង​មុខទំនិញ​បង្កក​ដែលមាន​ហានិភ័យ​ផ្សេងទៀត​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដូចខាងក្រោម​៖
-​ផ្អាក​ការនាំ​ចូល​ជា​បណ្តោះអាសន្ន​នូវ​មុខទំនិញ​ទាំងនេះ​
-​ព្យួរ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ចំពោះ​ប្រភេទ​ទំនិញ​ទាំងនោះ​ដែល​បានមក​ដល់ទី​លាន​គយ ឬ​សន្និធិ​គយ​នានា​រួចហើយ​
-​ផ្តល់​កិច្ចសហការ​ជាមួយ​គ​ណះ​កម្ម​ការ​ចំពោះ​កិច្ច​ក្នុងការ​ស្រាវជ្រាវ និង​ធ្វើតេស្តរ​កវី​រុស​ផ្សេងៗ ជាពិសេស វីរុស​ក្ខី​វីដ​-១៩ ព្រមទាំង​ចូលរួម​អនុវត្ត​វិធានការ​ឬ​សេចក្ដីសម្រេច​នានា​របស់​គ​ណៈកម្ម​ការ​ចំពោះ​កិច្ច​ពាក់ព័ន្ធ​នឹង​មុខទំនិញ​ទាំងនោះ​
-ត្រូវ​ចាត់វិធានការ​អនាម័យ (​ដូចជា​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាដើម​) លើ​មធ្យោបាយ​ផ្ន​ក និង​សំបក​វិច​ខ្ចប់ មុខទំនិញ​ផ្សេងទៀត​(​ក្រៅពី​សាច់​បង្កក និង​ទំនិញ​បង្កក​) ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​
-​មន្ត្រី​គយ​មាន​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​ទាំងនោះ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ផ្ទាល់ខ្លួន បន្ថែម ដោយ​ត្រូវ​ពាក់​ម៉ាស់ របាំង​ការពារ​មុខ និង​ស្រោមដៃ។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​៣០​ ខែមេសា​ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានធ្វើ​លិខិតស្នើ​ទៅជូនសម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ស្នើសុំ​គោលការណ៍​សម្រេច​លើ​ការឃាត់ទុក​ទំនិញ​ដែល​នាំ ចូល​ប្រទេស​កម្ពុជា ​និង​ផ្អាក​នាំចូល​ជា​បណ្ដោះអាសន្ន​នូវ​ការ​នាំចូល​សាច់​បង្កក ​និង​មុខទំនិញ​បង្កក​ដែល​នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​គោលការណ៍​សម្រេច​ពីស​ម្ដេច​តេ​ជោ​ជុំវិញ​ការបង្កើត គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​មេរោគ​កូ​វីដ​-១៩​នៅលើ​ផលិត​បង្កក​ដែល នាំចូល​ពី​ប្រទេស​ឥណ្ឌា​ផងដែរ​។​សម្តេច​តេ​ជោ បាន​ចារ​ឯកភាព​នៅលើ​សំណើនេះ​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ស្នើសុំ​គោលការណ៍​បែបនេះ​បន្ទាប់ពី​កម្ពុជា​បានសម្រេច​ហាមឃាត់​អ្នកដំណើរ​ទាំងអស់​ធ្វើដំណើរ​មកពី ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ជា​បណ្ដោះអាសន្ន​សិន ដោយសារតែ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​ទម្រង់​ថ្មី B1617 កំពុង​ផ្ទុះឡើង​ខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​ទិន្នន័យរបស់ក្រសួងសុខាភិបាល​ឥណ្ឌា​នៅ​ល្ងាច​ថ្ងៃទី​១ ​ខែឧសភា​នេះ​ បាន​បង្ហាញថា ការឆ្លង​ថ្មី​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន​ជាង៣៨៦.០០០នាក់ ខណៈ​ចំនួន អ្នកស្លាប់ កើនឡើង ដល់៣.៤៩៨នាក់​។ អ្នកឯកទេស​ខាង វេជ្ជសាស្ត្រ ជឿជាក់ថា ចំនួនពិតប្រាកដអាចមានលើសពីចំនួនផ្លូវការ សរុបពី៥ ទៅ១០ដង​៕
​ដោយៈ​ជម្ពូនុទ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner