ទិវាសេរីភាពសារព័ត៌មានពិភពលោកៈមតិចម្រុះត្រូវបានលើកឡើងនៅថ្ងៃនេះ

ភ្នំពេញៈឆ្នាំនេះ គឺជាខួបលើកទី៣០ នៃសេចក្តីប្រកាសវីនធុក (Windhoek) ដែលបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតថ្ងៃទី0៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ពីប្រទេសណាមីប៊ី ចាប់ពីពេលនោះមកជារៀងឆ្នាំអ្នកសារព័ត៌មានគ្រប់ប្រទេសទូទាំងពិភពលោកតែងតែជួបជុំគ្នាដើម្បីប្រារព្ធទិវាដ៏មានសារៈសំខាន់សម្រាប់អាជីពរបស់ពួកគេ។ នៅឆ្នាំនេះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ រាតត្បាតពាសពេញសកលលោក ការប្រារព្ធដែលជារបៀបវារៈប្រចាំឆ្នាំជាទៀងទាត់ ត្រូវបានធ្វើតាមទម្រង់ថ្មី គឺការជួបជុំពីចម្ងាយ ឬការផ្សព្វផ្សាយ អេឡិចត្រូនិក។ មានបញ្ហាពីរ ដែលត្រូវបានបង្ហាញ គឺការប្រឆាំងនឹងព័ត៌មានមិនពិត ក្លែងក្លាយ និងសេរីភាពអ្នកសារព័ត៌មាន។

នៅប្រទេសកម្ពុជា ទោះបីពុំមានការជួបជុំអ្នកកាសែតក៏ដោយ ក៏នៅថ្ងៃទី0២ ខែឧសភា ឆ្នាំ២០២១នេះ មានក្លិបចំនួនពីរ បានចេញនូវសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបង្ហាញ នូវការចាប់អារម្មណ៍ចំពោះអ្វីដែលជាការពាក់ព័ន្ធនឹងអាជីពអ្នកសារព័ត៌មាន។

ចាប់អារម្មណ៍ទៅលើការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងសេចក្តីថ្លែងការណ៍ជាងមួយទំព័ររបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា សារព័ត៌មានពិតជាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សារព័ត៌មានមិនត្រឹមតែជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ដឹកនាំបានយ៉ាងលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែ សារព័ត៌មានក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសារអប់រំនានាដល់មហាជនក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ ទន្ទឹមនឹងនោះ សារព័ត៌មានក៏បានដើរតួនាទីជា អ្នកបន្សាបព័ត៌មានក្លែងក្លាយដែលកើតមានយ៉ាងច្រើនក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ស្រដៀងគ្នានឹងការលើកឡើងរបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការយូណេស្កូ កម្ពុជានៅរសៀលថ្ងៃទី0២ ខែឧសភានេះ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន ពិភពលោកឆ្នាំ២០២១ លោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានលើកឡើងថា ប្រធានបទធំនៃទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះមានចំណងជើងថា “ព័ត៌មានដែលជាប្រយោជន៍សារធារណៈ” គូសបញ្ជាក់ពីសារៈសំខាន់ដែលមិនអាចប្រកែកបាននៃព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។ ព័ត៌មានមិនត្រឹមត្រូវ និងមាតិកាគ្រោះថ្នាក់ផ្សេងទៀត។ ប្រធានបទនេះ បានទាមទារការយកចិត្តទុកដាក់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានសេរី និងមានវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយចូលរួមទប់ស្កាត់ព័ត៌មានមិនពិត និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ផ្សេងទៀត។”

បន្ថែមលើលោកស្រីអគ្គនាយកអង្គការយូណេស្កូ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានចាប់អារម្មណ៍ផងដែរ ទៅលើព័ត៌មានមិនពិតដែលអាចផ្តល់គ្រោះថ្នាក់ដល់អ្នកអានក្នុង កាលៈទេសៈដ៏លំបាកនេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានមានប្រសាសន៍ថា សារព័ត៌មានឯករាជ្យ និងសេរី គឺជាសម្ព័ន្ធមិត្តដ៏អស្ចារ្យបំផុត របស់យើង ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានខុស។”

ក្នុងសេចក្តីថ្លែងការណ៍ចំនួនពីរទំព័ររបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបញ្ជាក់ថាសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចែករំលែកជាមួយមិត្ត សារព័ត៌មានកម្ពុជា និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមថា ទោះបីពិភពលោកកំពុងរងការយាយីដោយមេរោគ និងជំងឺកូវីដ-១៩ ក៏ប៉ុន្តែបរទេសខ្លះនៅមានលទ្ធភាពប្រើប្រាស់ថវិកា រាប់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងយុទ្ធនាការព័ត៌មានជួរមុខ បម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជារបស់ខ្លួន។ ក្រុមបុគ្គលដែលដាក់ខ្លួនបម្រើមនោគមន៍វិជ្ជា បរទេស ឬភាពក្រអឺតក្រទមជ្រុលនិយមរហូតបាត់ព្រលឹងជាតិ គឺមិនមែនជាទង្វើដែលបម្រើឲ្យប្រយោជន៍សាធារណៈនោះទេ។ ប្រវត្តិសាស្ត្របង្ហាញរួចហើយ គឺពួកគេគ្រាន់តែជាឧបករណ៍ បំបែកបំបាក់ និងបំផ្លិចបំផ្លាញប៉ុណ្ណោះ។

ក្នុងន័យនេះ ស.ស.ស.ក សូមអំពាវនាវដល់មិត្តសារព័ត៌មានជាតិ និងមិត្តនិយមប្រើប្រាស់បណ្តាញសង្គមបន្តអនុវត្តនូវប្រសាសន៍ដ៏ពិសិដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន គឺ «អ្នកសារព័ត៌មាន៖ កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ហើយជៀសវាងឲ្យបានដាច់ខាតនូវ «៤កុំ»៖
-កុំការផ្សាយខ្លឹមសារដែលបន្ទច់បង្អាក់ ឬប្រមាថទឹកចិត្ត នៃការខិតខំរបស់អ្នកសង្គ្រោះជីវិតមនុស្សនៅជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ និងសមត្ថកិច្ចដែលមានតួនាទីភារកិច្ចឯទៀត។
-កុំធ្វើជាឧបករណ៍នៃព័ត៌មានទុច្ចរិត
-កុំធ្វើជាមធ្យោបាយចែកផ្សាយព័ត៌មានមិនពិត
-កុំតាំងខ្លួនជាអ្នកអត្ថាធិប្បាយបែបញុះញង់ អុជអាល បំភ្លៃ បំផ្លើស និងបំភ័ន្តការយល់ដឹងរបស់សាធារណជន។

ងាកមកបញ្ហាសិទ្ធិសេរីភាពអ្នកសារព័ត៌មានឯណេះវិញ ប៉ុន្មានថ្ងៃមុននេះ មានអង្គការសង្គមស៊ីវីលចំនួន១៣ នៅកម្ពុជា បានប្រកាសពីការធ្វើយុទ្ធនាការលើកកម្ពស់សេរីភាពសារព័ត៌មាន។ អ្វីដែលជាបំណងនៃយុទ្ធនាការគឺ ការរិះគន់កំហិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋភិបាលក្នុងការទប់ស្កាត់នូវជំងឺកូវីដ១៩។ ឆ្លើយតបដោយប្រយោលទៅលើយុទ្ធនាការមួយនេះ នៅថ្ងៃទី២៩ ខែមេសា ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ថា អត់យល់! ក្រុមនេះ ចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់! សូមជូន៣ចំណុច ឆ្លើយតបទៅនឹងយុទ្ធនាការលើកកម្ពស់សេរីភាពសារព័ត៌មានរបស់សង្គមស៊ីវីលចំនួន១៣ នៅកម្ពុជា៖
១.បើជ្រុលជាធ្វើយុទ្ធនាការបែបនេះហើយ គួរតែផ្តោតផងដែរលើការលើកស្ទួយ និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីពួកគេអាចពង្រឹងបាននូវសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន ជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត បំពានសិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។
២.ការពង្រឹងនូវសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់របស់អ្នកសារព័ត៌មាន គឺជាផ្នែកមួយនៃការលើកកម្ពស់សេរីភាពសារព័ត៌មាន។
៣.អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺ បើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន តែបើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌដែលមានជាធរមានដូចពលរដ្ឋដទៃទៀតដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី0១ឧសភា ថា ព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងបានអនុវត្តយ៉ាងគត់មត់ នៅក្នុងការលើកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់របបសារព័ត៌មានផងដែរ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែស្ថានភាព និងបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែប្រព្រឹត្តទៅក្នុងស្ថានភាពល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ការបំបិទសិទ្ធិសេរីភាព ក៏ដូចជាការបង្ខំទៅដល់អង្គភាព សារព័ត៌មាន ឬអ្នកសារព័ត៌មានណាមួយឡើយ។

ក្លិបអ្នកកាសែតកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក.អ.ក កត់ សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចបំពេញតួនាទីរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានជូន មហាជនក្នុងគ្រប់កាលៈទេសៈទាំងអស់។ អ្នកសារព័ត៌មានបានខិតខំពុះពារគ្រប់ឧបសគ្គ និងរិះរកគ្រប់មធ្យោបាយដើម្បីបំពេញការងាររបស់ខ្លួនទោះជាក្នុងស្ថានភាពបិទខ្ទប់ក៏ដោយ។ អ្នកសារព័ត៌មានខ្លះត្រូវបំពេញការងារពីផ្ទះ ខ្លះទៀតមានការចាំបាច់ដែលត្រូវប្រចាំការនៅកន្លែងធ្វើការ ខណៈដែលក្រុមអ្នករាយការណ៍ព័ត៌មានត្រូវចេញបំពេញការងារតាម ដែលអាចធ្វើបានដើម្បីផ្តល់ព័ត៌មានដល់មហាជន ទោះបីជាត្រូវប្រឈមនឹងហានិភ័យយ៉ាងណាក៏ដោយ។ ឆ្លៀតឱកាសនេះ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានជួយសម្រួលឲ្យអ្នកសារព័ត៌មានអាចបំពេញការងារបានទោះជាក្នុងកាលៈទេសៈបិទខ្ទប់ក៏ដោយ។ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ទុកអ្នកសារព័ត៌មានជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩។

ចំណែក ស.ស.ស.ក វិញបានលើកឡើងថា យើងទទួលស្គាល់ថា នៅឆ្នាំ២០២១នេះ ពិភពលោកទាំងមូលរួមទាំងព្រះរាជាណាចក្រកម្ពុជាយើងផង កំពុងបន្តទទួលរងនូវការ យាយីយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ហើយករណីនៅកម្ពុជា បានជំរុញឲ្យរាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងទេសចរណ៍ រួមទាំងតំបន់ខ្លះទៀតនៃកម្ពុជា ដើម្បីការពារឲ្យបាននូវសុវត្ថិភាពអាយុជីវិតប្រជាជន។ យើងត្រូវតែទទួលយកការប្រែប្រួលនៃឥរិយាបទសង្គមនេះ និងចូលរួមដាក់ខ្លួនជាផ្នែកមួយនៃដំណោះស្រាយសម្រាប់សង្គមជាតិរបស់យើង។ ក្នុងន័យនេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសមត្ថកិច្ចជំនាញពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ផ្សព្វផ្សាយនូវវិធានការចាំបាច់នានា បម្រើដល់ការយល់ដឹង របស់សាធារណៈជនអំពីសុវត្ថិភាពសុខភាព និងសេវាចាំបាច់នានា ដែលអាចជួយឲ្យប្រជាជនយើងគ្រប់ទីកន្លែងបានជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ និងហានិភ័យដទៃទៀត។

តាមអ្វីដែលបង្ហាញដោយមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានគិតត្រឹមដំណាច់ឆ្នាំ២០២០ ដោយមិននិយាយពីកាសែតបោះពុម្ព វិទ្យុ និងទូរទស្សន៍ គឺអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានគេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន៦៦៩អង្គភាព។ ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ គឺមានការកើនឡើងរហូតទៅដល់១០៧អង្គភាព។ ក្រសួងព័ត៌មានបានចេញប័ណ្ណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅក្នុងឆ្នាំ២០២០ បានចំនួនដល់ទៅ ៤.២៣០ប័ណ្ណ ដែលចំនួននេះកើនឡើងទៅដល់ ៤៤៣នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះមិនទាន់គិតដល់បណ័្ណដែលចេញដោយអង្គភាពសាមីផង៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner