សម្តេចពិជ័យសេនា ទៀ បាញ់: ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ AMS ថានៅព្រឹកថ្ងៃទី0៣ ខែឧសភា នេះថា ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺខណ្ឌខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២១ មកដល់ពេលនេះ គឺបានប្រព្រឹត្តដោយរលូនមិនមានបញ្ហាអ្វីនោះទេ។ ក្រុមការងារចាក់វ៉ាក់សាំងបានបំពេញការងារយ៉ាងពេញលេញតាមអ្វីដែលបានប្រគល់ភារកិច្ចជូន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “តំបន់ក្រហមត្រូវបានយកចិត្តទុដាក់ តម្រង់ទិសយ៉ាងត្រឹមត្រូវ និងធ្វើតាមបទដ្ឋានបច្ចេកទេស គឺក្រុមការងារបានបំពេញយ៉ាង ពេញលេញជាបន្តបន្ទាប់”។ ប្រមុខការពារជាតិបានសម្តែងការជឿជាក់ថា ការចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនឹងកាត់បន្ថយបាននូវការ ឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតំបន់នោះផងដែរ។ “ការជឿជាក់របស់យើង គឺវិធានការជាច្រើនដែលយើងបានបំពេញ គឺតាំងពីការបិទខ្ទប់ តាំាំងពីការអំពាវនាវឲ្យពាក់ម៉ាស់ ការរក្សាគន្លាត ការធ្វើអនាម័យ បានដំណើរការជាបន្តបន្ទាប់។ ការជឿជាក់មួយផ្សេងទៀត គឺអំពីសារធាតុវ៉ាក់សាំងដែលវាចូលទៅក្នុងរាងការយរបស់ប្រជាពលរដ្ឋ គឺវាបានជួយមួយចំណែកធំជាក់ជាពុំខាន ហើយការចាក់វ៉ាក់សាំងនេះ និងជួយសង្គ្រោះដល់សុខភាពសាធារណៈបានមួយចំណែកទៀតនៅលើការជឿជាក់លើវ៉ាក់សាំងនេះ”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ទាក់ទងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមផែនការដែលបានរៀបចំ គឺចាក់រយៈពេល១ខែ ក្នុងខែឧសភា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូលឲ្យហើយរួចរាល់។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម គឺដោយសារតែនៅក្នុងរាជធានីភ្នំពេញ មានការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយជារៀងរាល់ថ្ងៃមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដូច្នេះភាពភ្លឺស្វាង និងចក្ខុវិស័យដល់ជាក់លាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា យកវ៉ាក់សាំងទៅស្រោចនៅតំបន់ក្រហមឲ្យវាឃើញថា វ៉ាក់សាំងចូលទៅក្នុងរាងកាយអ្នកដែលមានហានិភ័យខ្ពស់នៅក្នុងតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល និងធ្វើយ៉ាងណាទប់ទល់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ នៅតំបន់ក្រហមឲ្យមានប្រសិទ្ធភាព។

សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពីតំបន់ក្រហម។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងកូវីរដ-១៩ សម្រាប់បុគ្គលអាយុ ចាប់ពី ១៨ឆ្នាំឡើង នៅខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បាននិងកំពុងតែដំណើរការចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។ លោកជំទាវបញ្ជាក់ថា ” វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២) ត្រូវបានប្រគល់ជូនទៅ អនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយ គ.វ.ក-១៩ រួចហើយដែរ។ អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្សដែលអាចជាការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ ក៏បាននិងកំពុងតែប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនមានអាយុ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំង៤ នេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ នេះ គ្រប់ៗគ្នារួចរាល់ទាំង២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះឡើយ “។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំឱ្យឆ្លង រោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជា ទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។ តាមរយៈ វ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន៣សែននាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner