ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ និងការចុះបញ្ជីគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា

រាជធានីភ្នំពេញ៖ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ មានរយៈពេល ៥ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខ។នេះបើតាមការឱ្យដឹងរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។

អគ្គលេខាធិការរង និងជាទីប្រឹក្សា គ.ជ.បលោក សោម សូរីដា បានថ្លែងបញ្ជាក់ថា សម្រាប់គណបក្សនយោបាយ ដែលមានបំណងចូលរួម ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ត្រូវចាប់ផ្តើមដាក់ពាក្យសុំ ចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ នៅគណៈកម្មការ រាជធានី ខេត្ត រៀបចំការបោះឆ្នោត យ៉ាងតិច ៨០ ថ្ងៃ មុនកាលបរិច្ឆេទ នៃការបោះឆ្នោត។

លោកបានបន្ថែមថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

លោក អគ្គលេខាធិការរង និងជាទីប្រឹក្សា គ.ជ.បបានឱ្យដឹងផងថា សម្រាប់ពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណបក្សនយោបាយ ទាំងអស់ អាចស្នើសុំនៅ គ.ជ.ប ឬ នៅលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh ហើយការដាក់ពាក្យសុំចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ ពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវមានភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធ ដូចមានកំណត់ ក្នុងទម្រង់បែបបទលេខ ១០០៨ ។

គួររំលឹកថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន ១៣ រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន ៣ នៃក្រុងបូកគោ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner