បាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវជាតិលេខ២ ក្រោយមានខ្យល់កន្ត្រាក់ និងភ្លៀងមួយមេធំ

ភ្នំពេញ ៖ បន្ទាប់ពីមានខ្យល់កន្ត្រាក់ និងភ្លៀងលាយឡំជាមួយផងនោះ បណ្ដាលឱ្យមានការបាក់រលំផ្ទាំងប៉ាណូមួយដ៏ធំធ្លាក់កាត់ទទឹងផ្លូវជាតិលេខ២ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់គ្រោះថ្នាក់នោះទេ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅទីតាំងចុះពីស្ពានអាកាសក្បាលថ្នល់បន្តិច នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្នុងករណីនេះ ដោយសារស្ថានភាពមានខ្យល់បក់បោកយ៉ាងខ្លាំង បន្ទាប់មកក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ក៏ស្រាប់តែបង្គោលផ្ទាំងប៉ាណូដ៏ធំរលំដាច់ចេញពីគល់ប៉ើងបង្គោលមួយចំហៀង រួចក៏រលំធ្លាក់មកដល់ដីកាត់ទទឹងផ្លូវជាតិលេខ២ តែម្តង។ តែសំណាងល្អ ក្នុងករណីនេះ មិនបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងតែធ្វើរដំណើរឆ្លងកាត់គ្រោះថ្នាក់នោះទេ។ គ្រាន់តែរងការខូចខាតផ្ទាំងប៉ាណូដ៏ធំនេះតែប៉ុណ្ណោះ។ ហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ វាងផ្លូវសិនផងដែរ។

បន្ទាប់មកក្នុងករណីនេះផងដែរ គេឃើញមានវត្តមានរបស់លោក អភិបាលខណ្ឌមានជ័យ បានទៅដល់ទីតាំងចំណុចបាក់ផ្ទាំងប៉ាណូខាងលើ ព្រមទាំងធ្វើការអន្តរាគមន៍បន្ទាន់ទាក់ទងទៅកាន់រថយន្តស្ទូច ដើម្បីមកស្ទូចយកផ្ទាំងប៉ាណូខាងលើនោះចេញជាបន្ទាន់ មិនតែប៉ុណ្ណោះគេឃើញមានក្រុមអគ្គិសនីប្រអប់ភ្លើង ក៏បានចុះទៅធ្វើការផ្ដាច់ចរន្តអគ្គិសនីចេញពីផ្ទាំងប៉ាណូខាងលើផងដែរ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner