កម្ពុជាធ្វើពិធីនាំចេញស្វាយស្រស់លើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន (Video Inside)

ពិធីសម្ពោធជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាជាលើកដំបូងទៅកាន់ប្រទេសចិន បានធ្វើនៅថ្ងៃទី ៧ ឧសភានេះហើយ បន្ទាប់ពីប្រទេសចិនបានយល់ព្រមឱ្យកម្ពុជានាំផ្លែស្វាយស្រស់ចូលក្នុងទីផ្សាររបស់ខ្លួន។ ពិធីសម្ពោធបានរៀបចំនៅក្រុមហ៊ុនអាល់ ចាហ្ស៊ីឡាន់ FOOD PTE.LTD ស្ថិតនៅសង្កាត់ក្រាំងធ្នង់, ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុននិង ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា លោក Wang Wentain តាមរយ:កម្មវិធី Online ។

ប្រទេសចិន កាលពីថ្ងៃទី ២៦មេសាឆ្នាំ២០២១ បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះចំការស្វាយចំនួន៣៧ចំការ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលត្រូវបានចុះបញ្ជីសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។  លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងក្នុងពិធីថា កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ១០ម៉ឺនតោន ប៉ុណ្ណោះ ក្នុង១ឆ្នាំ ទៅកាន់ទីផ្សារចិន ប៉ុន្តែលោករំពឹងថា ក្រុមហ៊ុនធំៗជាច្រើនទៀត នឹងរៀប ចំដំឡើងរោងចក្រ វេចខ្ចប់ស្វាយ ហើយអាចនឹងទទួលបានការទទួលស្គាល់ពីរដ្ឋបាលគយចិនបន្ថែមទៀត។

ផ្លែស្លាយភាគច្រើនដែលនាំចេញទៅប្រទេសចិន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និង មានទិន្នផលខ្ពស់។តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី នៅប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ ការដាំដុះ ដំណាំ ស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧ លានតោន។ ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេស ចិនដោយផ្ទាល់។

https://www.youtube.com/watch?v=y_4RxGDhTe0
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner