អភិបាលខេត្តបាត់ដំបងបានណែនាំនិងជំរុញអាជ្ញាធរស្រុកសង្កែ ចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមផ្លូវជាតិដែលប៉ះពាល់ជាមួយនិងគម្រោង ឲ្យឆាប់រុះរើសំណង់ជាបន្ទាន់ ដើម្បីឲ្យការអនុវត្តគំរោងកែលម្អផ្លូវជាតិលេខ៥ គ្មានការរាំងស្ទះ

អត្ថបទដោយ៖
Kien Sereyvuth

  ក្នុងការចុះពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្ត នូវគំរោងកែលម្អផ្លូវជាតិលេខ៥ដែលជាផ្លូវហាយវ៉េល្បឿនលឿន ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសង្កែខេត្តបាត់ដំបង និងពិនិត្យមើលពីស្ថានភាពកែលម្អធ្វើការផ្លាស់ប្តូរទីតាំងក្លោងទ្វារសាលានគរបាលជាតិភូមិភាគទី៥ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ និងជំរុញឲ្យអាជ្ញាធរ នៃរដ្ឋបាលស្រុកសង្កែ ចេញសេចក្តីជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់តាមដងផ្លូវជាតិលេខ៥ ដែលមានការប៉ះពាល់ជាមួយនិងគម្រោងស្ថាបនាផ្លូវខាងលើនេះ ត្រូវប្រញាប់ប្រញាល់រុះរើនូវសំណង់មួយចំនួនដែលពាក់ព័ន្ធនិងប៉ះពាល់ជាមួយគម្រោង ហើយត្រូវបានកំណត់ឲ្យរុះរើ និងទទួលបានសំណងពីគម្រោងរួចហើយនោះ ឲ្យបានឆាប់រួសរាន់ចៀសវាងបង្កការរាំងស្ទះ ក្នុងការអនុវត្តគម្រោង។

      ការលើកឡើង របស់ឯកឧត្តម អភិបាលខេត្តបាត់ដំបង បែបនេះ ខណៈដែលឯកឧត្តមបានចុះទៅពិនិត្យមើលផ្ទាល់ ក្នុងការរៀបចំនិងធ្វើការផ្លាស់ប្តូរនូវទីតាំងក្លោងទ្វារចាស់សាលានគរបាលជាតិភូមិភាគទី៥កន្លងមក ដោយសារតែប៉ះពាល់ជាមួយនិងគម្រោងកែលម្អផ្លូវជាតិលេខ៥ (ផ្លូវហាយវ៉េ)។ ដោយតម្រូវឲ្យមានការរុះរើនិងផ្លាស់ប្តូរទីតាំងថ្មី ដែលអាចរំកិលថយ យ៉ាងហោចណាស់ចម្ងាយ៦០ម៉ែត្រពីអ័ក្សផ្លូវ ដែលគម្រោងត្រូវការឆ្វៀលធ្វើផ្លូវសំរាប់ផ្លូវបត់(ផ្លូវឡាគួរ)។

        ក្នុងការចុះទៅពិនិត្យមើលនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំបណ្តាមន្ទីរវិស័យជំនាញពាក់ព័ន្ធមួយចំនួននិងលោកឧត្តមសេនីយទោ ដែលជានាយកសាលានគរបាលជាតិ ភូមិភាគ៥  ដើម្បីពិភាក្សារកដំណោះស្រាយក្នុងការពន្លឿនក្នុងការអនុវត្តនូវគម្រោងផ្លូវល្បឿនលឿននៅទីនោះ និងជម្រុញដល់សាលាឲ្យរៀបចំការរុះរើនូវក្លោងទ្វារចាស់ ដើម្បីតំកិលទៅទីតាំងថ្មីវិញ។ចៀសវាងការយឹតយ៉ាវដល់ការអនុវត្តគម្រោងនៅទីនោះ និងជាគម្រូ ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនោះចូលរួមជាមួយអាជ្ញាធរ និងកម្លាំងវិស្វកម្មសាងសង់ផ្លូវ បានអនុវត្តតាមផែនការដែលបានគ្រោងទុកកន្លងមករបស៎ខ្លួន។

      តាមការគូសបញ្ជាក់ពីភាគីតំណាងក្រុមហ៊ុននិងជាអ្នកបច្ចេកទេសសាងសង់ផ្លូវនៅទីនោះ ក៏បានលើកឡើងជម្រាបជូនឯកឧត្តមអភិបាលខេត្តបាត់ដំបង និងក្រុមការងារពាក់ព័ន្ធថាការសាងសង់នេះរាល់ចំណុចផ្លូវឆ្លងកាត់ទាំងតូចទាំងធំទាំងអស់ត្រូវឆ្វៀលធ្វើផ្លូវឡាគួរ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់និងបត់បានត្រឹមត្រូវដោយសុវត្ថិភាព ទៅតាមទំហំផ្លូវជាក់ស្តែងទាំងអស់។ ហើយការងារដែលត្រូវធ្វើទីនេះ គឺនិងចាប់ផ្តើមអនុវត្តឆាប់ៗប៉ុន្មានថ្ងៃនេះហើយ ដោយមិនពន្យាពេលវេលាក្នុងការអនុវត្តគម្រោងនោះទេ។ ហើយនៅទីនេះ ម្ចាស់គម្រោង បានដោះស្រាយនូវសំណងផលប៉ះពាល់ជូនរួចរាល់ផងដែរ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner