សម្ដេចតេជោ អបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឩសភា ឆ្នាំ២០២១ ថា ចូលរួមអបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ថ្ងៃនេះ គឺជាខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២០ និង២០២១នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា តែទោះជាយ៉ាងណាក៏ដោយទិវានេះ នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា នៅក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការ ជួយ សំរាលទុក្ខលំបាក របស់បងប្អូនប្រជាជ ន ដែលទទួលរងនូវគ្រោះ ថ្នាក់ដោយសារគ្រោះមហន្តរាយផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជាពិសេសគឺយើងកំពុងរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណរព្រះគុណ ដល់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយ ដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បី បម្រើដល់ស្ថាប័នមនុស្សធម៌ ដ៏មានសារៈសំខាន់មួយនេះ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner