ពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។ (មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

ពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់

នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិត តាមរយ:វីដេអូ Zoom និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ពេជ្រ រិទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ។

ឯកឧត្តម Wang Wentain បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផល ថ្មីមួយទៀតដែលប្រទេសទាំងពីរសម្រេចបាន នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យកសិកម្មវិញបានជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តមសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជា ក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លី។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម និងប្រជាពលរដ្ឋកម្ពុជាទទួចចង់បាន ។ សមិទ្ធផលដែលក្រសួងកសិកម្ម សម្រេចបាននាថ្ងៃនេះ គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលគាំទ្រ ជំរុញ លើកទឹកចិត្ត និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យក្រសួងឈានទៅចុះពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា ព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃផលិតផលផ្លែស្វាយស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករ នឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល។ល។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មហើយសង្ឃឹមថា កសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner