សម្តេចតេជោ ស្នើរសុំកុំឱ្យទារថ្លៃឈ្នួលផ្ទះ និងសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនកម្មករ កម្មការិនីនៅតំបន់ បិទខ្ទប់ និងណែនាំម្ចាស់គ្រឹះស្ថានការងារ មិនឱ្យកំណត់លក្ខខណ្ឌ បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ នោះឡើយ

ភ្នំពេញ៖ ក្រោយពីមានការតវ៉ាមួយចំនួនពីកម្មករ កម្មការិនី នៅតំបន់បិទខ្ទប់ ហើយត្រូវម្ចាស់ផ្ទះ និងបន្ទប់ជួល ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ពីពួកគេ ទាំងពួកគេមិនទាន់បានបើកប្រាក់ឈ្នួលការងារនៅឡើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរសុំឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់កុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់។ សម្តេចតេជោ ក៏បានស្នើទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ជួយសម្រួលថ្លៃថាមពលអគ្គិសនី និងទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់នេះផងដែរ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើតាមរយៈសារសំឡេងពិសេសមួយ ចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដោយសម្តេច បានថ្លែងទទូចអង្វរទៅកាន់ម្ចាស់ផ្ទះ និងបន្ទប់ជួលថា ខ្ញុំអង្វរកម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ សូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចធ្វើទៅបាន រួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ កម្មការិនីរបស់យើង ឧទាហរណ៍ ការបញ្ចុះថ្លៃប្រាក់ថ្លៃឈ្នួលផ្ទះ ដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើនតាមលទ្ធភាព តាមអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបានក្នុង១ខែ ២ខែ ឬ៣ខែ ក៏សូមធ្វើការលើកលែង។

សម្តេច ដឹងពីការលំបាករបស់ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួល ដែលអ្នកខ្លះអាចនៅជាប់បំណុលធនាគារ ហើយត្រូវការបង់រំលោះ ជូនធនាគារ។ តែសម្តេចរំពឹងថា ម្ចាសផ្ទះ និងបន្ទប់ជួល យោគយល់ចំពោះការលំបាកមួយនេះ ហើយរួមគ្នា ជួយដល់កម្មករ កម្មការិនី។ សម្រាប់ការអនុគ្រោះនេះ គឺសម្តេចសូមឱ្យធ្វើឡើងនៅគ្រប់កន្លែងបិទខ្ទប់នៅទូទាំងប្រទេស មិនមែនតែរាជធានី ភ្នំពេញប៉ុណ្ណោះទេ បើអាចធ្វើបានសុំធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេស នៅក្នុងតំបន់ដែលមានការបិទខ្ទប់ ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះ ថ្លៃថាមពលអគ្គិសនី និងថ្លៃទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់នេះ ។

តាមរយៈសារពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅម្ចាស់រោងចក្រ សហគ្រាស ដែលជាគ្រឹះស្ថានការងារ ទាំងអស់ មិនទាន់ឱ្យអនុវត្តនូវការកំណត់លក្ខខណ្ឌ បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ ចំពោះកម្មករ កម្មការិនីនោះ ឡើយ។ សម្តេច ថា នៅថ្ងៃទី០៧ ខែឧសភា មានករណីកម្មករ កម្មការិនីរោងចក្រមួយចំនួន សម្រុកទៅសុំលិខិតចាក់វ៉ាក់សាំង ពីមេភូមិ ដើម្បីបានទៅចាក់វ៉ាក់សាំង ។ សម្តេចតេជោ បានបញ្ជាក់ថា ការធ្វើបែបនេះ ព្រោះតែពួកគេបារម្ភខ្លាចមិនអាចចូលធ្វើ ការងារ ដោយមិនបានចាក់វ៉ាក់សាំង ខណៈកន្លែងការងាររបស់ពួកគេ បានដាក់លក្ខខណ្ឌឱ្យចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំសូមឱ្យម្ចាស់រោងចក្រ កុំបំភ័យកម្មករទៅលើបញ្ហាវ៉ាក់សាំង។ ពេលនេះ មិនមែនជាពេល ត្រូវយកវ៉ាក់សាំង មកធ្វើជាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌដោះស្រាយការងារធ្វើទេ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្ត កណ្តាល ឬរងចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ។ អ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង អ្នកនោះ គឺច្បាស់ ណាស់ថា អស់ការងារធ្វើ ឬរកការងារធ្វើមិនបាន ដោយសារជឿតាមការឃោសនាអកុសល នៃមនុស្សមួយចំនួន ដែលលើក ឡើងថា វ៉ាក់សាំងចាក់ទៅស្លាប់ វ៉ាក់សាំងចាក់ទៅកើតជំងឺនេះ ឬជំងឺនោះ ។ សម្តេច ក៏បានណែនាំទៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យលើការងារនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លក្ខខណ្ឌបែបនេះ មិនទាន់អាចអនុវត្ត បាននោះឡើយ ព្រោះកម្ពុជា កំពុងស្ថិតក្នុង ដំណើរការចាក់វ៉ាក់សាំង ហើយចាក់បានកម្រិតតិចតួចនៅឡើយ។ ជំនួសឱ្យការដាក់លក្ខខណ្ឌចាក់វ៉ាក់សាំងទើបឱ្យចូលធ្វើ ការនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់គ្រឹះស្ថានការងារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធាន សុខាភិបាល សម្រាប់កម្មករ កម្មការិនី ព្រោះថា ទោះបីចាក់វ៉ាក់សាំងហើយ ភ្លាមៗនេះ ក៏វ៉ាក់សាំង មិនទាន់មានប្រសិទ្ធភាព ក្នុងការពារជំងឺកូវីដ១៩នៅឡើយ ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការទ្រទ្រង់ជីវភាពនោះ កុំទៅដណ្តើមជំនួយពីប្រជាពលរដ្ឋដែលមិនមានលទ្ធភាព និងកំពុងខ្វះខាតពិតប្រាកដនោះ។
សម្តេច ថា អ្នកដែលមានលទ្ធភាពកុំមកដណ្តើមយកជំនួយអ្នកដែលត្រូវការជួយ កំពុងទាមទារឱ្យជួយ ក្នុងពេលយើងមាន លទ្ធភាពគ្រប់គ្រាន់ ហើយបែរជាទាមទារសមធម៌។ នេះជាការគួរឱ្យខ្មាសអៀនសម្រាប់អ្នកដែលមានលទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចែកស្បៀងអាហារនេះមិនងាយស្រួលនោះទេ ដើម្បីចែកស្បៀងជូនប្រជាពលរដ្ឋ ឱ្យបាន ១ថ្ងៃ ២ម៉ឺនគ្រួសារ គឺប្រើកម្លាំងជាច្រើនក្នុងការវេចខ្ចប់ និងដឹកជញ្ជូន លីសែង ជូនប្រជាពលរដ្ឋ ។ ដូច្នេះ សម្តេចតេជោ សង្ឃឹមថា អ្នកដែលមានលទ្ធភាពនឹងមិនដណ្តើមជំនួយនោះឡើយ ដើម្បីទុកឱ្យអាជ្ញាធរអាចចែកជូនអ្នកខ្វះលទ្ធភាព បាន លឿន។ សម្តេច ក៏បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលមិនទាន់បានជំនួយនេះផងដែរ ព្រោះថា ការចែកមានចំនួន ច្រើន និងមានការលំបាក ព្រោះកន្លែងចែកជាកន្លែងប្រឈមការឆ្លងជំងឺកូវីដ១៩ខ្លាំង។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋជាង ៣០ម៉ឺនកញ្ចប់ ហើយ ចាប់តាំងពីពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩នោះ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner