អ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ១២៦នាក់ រួមគ្នាឧបត្ថម្ភថវិកាជាង ១លានដុល្លារ និងសម្ភារៈមួយចំនួនដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

នៅព្រឹកថ្ងៃអង្គារ ទី១១ឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជនដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន ១២៦នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប ១លាន ៩ម៉ឺន ៥ពាន់ ៣៣៤ដុល្លារអាមេរិក និងសម្ភារៈមួយចំនួនទៀតរួមមាន ម៉ាស់ ១០ម៉ឺន, អាល់កុល៣ពាន់ ៦០០លីត្រ, សាប៊ូលាងដៃ ៦ពាន់លីត្រ, ត្រីខ៥០កេស, ទឹកបរិសុទ្ធ១ម៉ឺនកេស និងចេកទុំ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងឱកាសទទួលថវិកា និងសម្ភារៈទាំងនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដូចជាជំនួសមុខជូនលោកស្រី ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះការផ្តួចផ្តើម និងសមានចិត្តរបស់សប្បុរសជនទាំង ១២៦រូប ដែលបានរួបរួមគ្នាឧបត្ថម្ភគាំទ្រដល់កងទ័ព ក៏ដូចជាសមាគមនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេស។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាកិច្ចការរួមមួយដែលគ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ដែលក្នុងនោះ កងទ័ពក៏បានរួមចំណែកនៅក្នុងកិច្ចការធំៗជាច្រើន ទាំងការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, ការរៀបចំមន្ទីរពេទ្យ-មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងការចុះចែកស្បៀងអាហារជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។ ក្រៅពីនោះ កងទ័ពក៏បានចូលរួមក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដោយបានប្រើប្រាស់កម្លាំងសរុប៣ពាន់៣០៥នាក់មកពីបណ្តា២០អង្គភាព ហើយក្នុងនោះកងទ័ពជើងគោកក៏បានបញ្ចេញកម្លាំងប្រមាណជាង ៨០០នាក់ រួមជាមួយសម្ភារ និងមធ្យោបាយ ចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមផែនការផងដែរ។

គិតមកដល់ថ្ងៃទី១០ឧសភា ក្រុមការងារនៃកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមសម្រេចបានជិត៤៥ម៉ឺននាក់ ស្មើជាងនឹង ៥០% លើផែនការរួមប្រមាណ៨០ម៉ឺននាក់។ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនសប្បុរសជនផងដែរថា នៅក្នុងប្រតិបត្តិការកន្លងមកនេះ កងទ័ពជើងគោក ក៏ដូចជាសមាគមបានខិតខំបំពេញភារកិច្ចដោយប្រើប្រាស់ធនធាន និងលទ្ធភាពរបស់ខ្លួនដែលមានក្នុងដៃ ដើម្បីឆ្លើយតបនឹងស្ថានភាពផ្ទុះឡើងជាក់ស្តែង ខណៈលទ្ធភាពធានាតាមផែនការនៅមានកម្រិត។

ដូចនេះ ការរួមចំណែកឧបត្ថម្ភដ៏ថ្លៃថ្លានោះ នឹងបានជួយសម្រួល និងផ្តល់លទ្ធភាពបន្ថែមមួយកម្រិតទៀតដល់ក្រុមការងារ ដើម្បីបន្តបេសកកម្មរបស់ខ្លួន។ លោកបានបញ្ជាក់ថា ចំពោះថវិកាដែលផ្តល់ជូននេះ គឺ៥០% នឹងបែកចែកដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ៥០% ទៀត រួមជាមួយសម្ភារៈនឹងផ្តល់មកឲ្យខាងកងទ័ព ដើម្បីបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អ្នកឧកញ៉ា លី យ៉ុង ផាត់ និងអ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង១២៦ រូប បានសម្តែងនូវចំណាប់អារម្មណ៍ពេញចិត្ត និងគោរពកោតសរសើរចំពោះការលះបង់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងការខិតខំពុះពាររបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងរបស់យើងទាំងអស់នៅក្នុងការទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏លំបាកចំពោះមុខនេះ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង ១២៦ រូប ចំពោះការឧបត្ថម្ភគាំទ្រដល់បេសកកម្មជួយដ៏មានសារៈសំខាន់បំផុតនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner