ឆ្មាំឆ្នេរសមុទ្រអាមេរិកបាញ់ព្រមានចំនួន៣០គ្រាប់ នៅពេលដែលទូកប្រដាប់អាវុធអ៊ីរ៉ង់ជាច្រើនគ្រឿងបានចូលមកក្បែរច្រកសមុទ្រ Hormuz

អាមេរិក៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក ចន ឃើប៊ី (John Kirby) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា នាវាល្បាតរបស់អាមេរិកចំនួន៦គ្រឿង បានអមដំណើរនាវាមុជទឹកមួយគ្រឿងប្រដាប់ដោយមីស៊ីល នៅពេលដែលជួបប្រទះនូវនាវាចំនួន១៣គ្រឿងនៃកងនាវាចរឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGCN) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz) ។
លោក ចន ឃើប៊ី បន្តថា ក្រុមនាវា IRGCN បានធ្វើសកម្មភាពមិនប្រកបដោយវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព នៅពេលទៅជិតកប៉ាល់អាមេរិកក្នុងល្បឿនលឿន និងនៅចម្ងាយតិចជាង១៤០ម៉ែត្រ ។ ឆ្មាំសមុទ្រអាមេរិក USCGC Maui ត្រូវបានបង្ខំឱ្យបាញ់ព្រមានចំនួន៣០គ្រាប់ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្យាយាមសាកល្បងនូវរាល់នីតិវិធីសមស្របទាំងអស់ ។ បន្ទាប់ពីការបាញ់ព្រមានលើកទី២ ក្រុមនាវា IRGCN បានដកថយ ។
សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ គឺជាភាពតានតឹងចុងក្រោយរវាងអាមេរិកនិងអ៊ីរ៉ង់ ។ ភាពតានតឹងនេះដែរក៏បានកើតមានឡើងនៅពេលដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់កំពុងស្វែងរកការពន្លឿនការចរចា ដើម្បីនាំទីក្រុងវ៉ាស៊ីន តោន និងទីក្រុងតេហេរ៉ង់ ត្រឡប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ៕ ប្រភព៖ CNN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner