១១ថ្ងៃ នៃការចាក់វ៉ាក់សាំងក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ បានចំនួនជិត៥០ម៉ឺននាក់ (Video Inside)

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានថ្លែងថារយៈពេល១១ថ្ងៃ ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យ មានចំនួនជិត៥០ម៉ឺននាក់ហើយក្រោយការចាក់លើពលរដ្ឋចំនួន៤ម៉ឺន ៧ពាន់៩៥នាក់ នៅថ្ងៃទី១១ឧសភា។

រាជរដ្ឋាភិបាលបានពង្រីកតំបន់ចាក់វ៉ាក់សាំងកាន់តែទូលំទូលាយធំជាងមុន ដែលរំពឹងការចាក់លើមនុស្សជាង៨០ម៉ឺននាក់ក្នុងតំបន់ប្រឈមហានិភ័យ បន្ទាប់ពីវ៉ាក់សាំងថ្មី៥០ម៉ឺនដូស បានដឹកមកដល់ម្សិលមិញ និងការរំពឹងមកដល់វ៉ាក់សាំងបន្តបន្ទាប់ថែមទៀតនាពេលខាងមុខនេះ។ រាជរដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងខណ្ឌចំនួន៦នៅរាជធានី ចាប់តាំងពីដើមខែឧសភានោះមក។

បើគិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់តាំងពីដើមខែនេះ រហូត ត្រឹមថ្ងៃទី១១ឧសភា ពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យដែល ទទួលបានការចាក់ វ៉ាក់សាំងសរុប មានចំនួន៤៩ ម៉ឺន៦ពាន់ ៤០៧នាក់។

សេចក្តីរាយការណ៍បញ្ជាក់លំអិតថា ក្នុងចំណោមអ្នកចាក់ ទាំងជិត៥០ម៉ឺននាក់នោះខណ្ឌ មានជ័យ ចាក់បាន១០ម៉ឺន៥ពាន់៧៥៥នាក់, ខណ្ឌដង្កោ ចាក់បាន១២ម៉ឺន២ពាន់៨៧៤នាក់, ខណ្ឌកំបូល ចាក់បាន ៨ម៉ឺន៧ ពាន់៤៥៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន១៥ម៉ឺន៣៦៧នាក់, ខណ្ឌឫស្សីកែវ ចាក់បាន២ម៉ឺន១ពាន់ ៤៥០នាក់ និងខណ្ឌទួលគោក ចាក់បាន៨ពាន់៥០៦នាក់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិត ត្រឹមថ្ងៃទី១១ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន១លាន៨សែន៧ម៉ឺន៧ពាន់ ៨៤០នាក់ហើយ ដែលស្មើនឹង១៨,៧៨%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ចំនួន១០លាននាក់។

https://www.youtube.com/watch?v=XPrsSvQCEvc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner