ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែសហរដ្ឋអាមេរិករារាំងការចេញសេចក្តីថ្លែងការណ៍រួម

បរទេស៖ ប្រភពពីមន្រ្តីការទូតបានអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំបន្ទាន់ម្តងទៀតនៅថ្ងៃពុធម្សិលមិញ ស្តីពីបញ្ហាជម្លោះដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយកិច្ចប្រជុំថ្មីនេះ នៅតែមិនមានការព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួម ដោយសារតែមានការជំទាស់ប្រឆាំងពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល ។
បន្ទាប់ពីសហរដ្ឋអាមេរិកបានរារាំងការចេញសេចក្តីថ្លែងការណ៍រួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខាងលើនេះ សមាជិកចំនួន៤មកពីតំបន់អឺរ៉ុបរបស់ UNSC ក្នុងនោះរួមមានន័រវេស អេស្តូនៀ បារាំង និងអៀកឡង់បានចេញសេចក្តីថ្លែងការណ៍រួមផ្ទាល់ខ្លួនរបស់ពួកគេកាលពីល្ងាចថ្ងៃពុធម្សិលមិញ ។ សេចក្តីថ្លែងការណ៍រួមនោះបានបញ្ជាក់យ៉ាងដូច្នេះថា ពួកយើងថ្កោលទោសការវាយប្រហារដោយគ្រាប់រ៉ុក្តែតចេញពីតំបន់កាហ្សាប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ក្នុងប្រទេសអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស់ និងក្រុមឧទ្ទាមផ្សេងទៀត ដែលសកម្មភាពនេះគឺជារឿងមិនអាចទទួលយកបាន និងត្រូវបញ្ឈប់ភ្លាមៗជាបន្ទាន់ ។
ដោយឡែកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិលោក Riyad Mansour ក៏បានផ្ញើលិខិតមួយទៅកាន់មន្រ្តីកំពូលរបស់អង្គការអន្តរជាតិមួយនេះដែរ នៅថ្ងៃពុធនេះ ដោយលោកបានអះអាងទៅកាន់ពួកគេថា ប៉ាឡេស្ទីននឹងចាត់វិធានការណ៍ភ្លាមៗដើម្បីទាមទារអោយអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ក្នុងនោះរួមមានទាំងតំបន់កាហ្សាផងដែរ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner