គោលដៅធំៗ ៥រាជធានី-ខេត្ត ត្រូវបានកំណត់ និងត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ទីតាំងធំៗចំនួន ៥ រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ត្រូវបានកំណត់ ហើយត្រៀមស្នើសុំសេចក្ដីសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) យកធ្វើជាកន្លែងរៀបចំការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។

ការកំណត់ទីតាំងខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ CAMSOC តាមអនឡាញ(Zoom) នៅថ្ងៃទី១១ ខែឧសភានេះ ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដោយផ្ដោតលើរបៀបវារៈសំខាន់ៗ ២ ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា ៤០ប្រភេទត្រូវកំណត់ទីតាំង និងទី២-ពិភាក្សាពីកម្មវិធីលម្អិត នៃពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា ជុំវិញការកំណត់ទីតាំង នៃទីលានប្រកួត សហព័ន្ធកីឡាជាតិភាគច្រើន បានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាន ពិសេសទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធ ស្នើឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មីមួយទៀត នៅជាយក្រុងភ្នំពេញ ។

លោកបន្ដថា «ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ នឹងត្រូវរៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង, ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លូង ឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ តែមិនទាន់សម្រេចទេ ព្រោះសហព័ន្ធបានសំណូរពេលឲ្យគណៈកម្មការជំនាញ ចុះទៅពិនិត្យទីតាំងថ្មីមួយទៀត នៅជាយក្រុងភ្នំពេញ ។ ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ» ។

យ៉ាងណាមិញរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បន្ថែមថា នេះគ្រាន់តែជាកិច្ចប្រជុំគណៈអចិន្រ្ដៃយ៍ CAMSOC ដើម្បីរៀបចំបញ្ជូន និងស្នើសុំសេចក្ដីសម្រេចលើទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ពោលគឺមិនទាន់សម្រេចត្រឹមកិច្ចប្រជុំនេះឡើយ ហើយក្រោយធ្វើការកំណត់ទីលានប្រកួតកីឡាទូករួច គណៈអចិន្រ្ដៃយ៍ នឹងធ្វើរបាយការណ៍ជូនសម្ដេចពិជ័យសេនាតែម្ដង ។ ចំពោះពិធីបើក-បិទ ដែលត្រូវធ្វើកម្មវិធីគម្រោងលម្អិតពីដើម រហូតដល់ចប់ នឹងត្រូវពិភាក្សាគ្នានាពេលក្រោយទៀត ។

លោករដ្ឋមន្ដ្រី ថោង ខុន បានសង្កត់ធ្ងន់ថា គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសហការជាមួយគណៈកម្មការជំនាញ(គណៈកម្មការទីលាន)ឲ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងជាក់លាក់ ក្នុងការកំណត់ទីលាន ព្រោះការកំណត់ទីលាន គឺជាមូលដ្ឋាន នៃការរៀបចំឲ្យរួចរាល់មុនពេល ដើម្បីឈានទៅការរៀបចំផ្នែកផ្សេងៗទៀត ដែលមានទីតាំងច្បាស់លាស់ ហើយជំនាញផ្សេងៗទៀត អាចធ្វើការរបស់ខ្លួនបាន ពិសេសការពិនិត្យ ការកែសម្រួល ការកែលម្អ ឬការបំពាក់ស្ដង់ដារទីលានបន្ថែមជាដើម ។

គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាសល់ពេលមិនដល់ ២ឆ្នាំនោះទេ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ គ្រោងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner