អតីតសហភាពសូវៀតបានបើកសម្ពោធយុគសម័យអវកាស តាមរយៈការបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក (មានវីដេអូ)

Video: https://fb.watch/5sJNeXQuZq/

រុស្ស៊ី៖ ស្ពូតនិក (Sputnik) ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោក ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានមួយកន្លែង ស្ថិតក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ ។
ស្ពូតនិកមានអង្កត់ផ្ចិតប្រវែងជិត៥៦សង់ទីម៉ែត្រ និងទម្ងន់ជាង៨០គីឡូក្រាម ។ វាធ្វើដំណើរក្រឡឹងជុំវិញផែនដីបានមួយជុំរៀងរាល់រយៈពេល១ម៉ោង និង ៣៦នាទី ជាមួយល្បឿនធ្វើដំណើរជិត៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ។ ស្ពូតនិកមានគន្លងធ្វើដំណើររាងពងក្រពើ ដោយចំណុចជិតផែនដីបំផុតគឺចម្ងាយ២៣០គីឡូម៉ែត្រ និងឆ្ងាយបំផុតចម្ងាយជិត១ពាន់គីឡូម៉ែត្រ ។ នៅខែមករា ឆ្នាំ១៩៥៨ ស្ពូតនិកបានធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញតាមការគ្រោង ហើយឆេះរលាយបាត់នៅក្នុងស្រទាប់បរិយាកាសតែម្តង ។ ការបាញ់បង្ហោះផ្កាយរណបដំបូងបំផុតនេះហើយ ដែលបានបង្កឱ្យសហរដ្ឋអាមេរិកភ័យព្រួយជាខ្លាំង រហូតឈានទៅដល់មានការរត់ប្រណាំងវិស័យបច្ចេកវិទ្យាអវកាសរវាងមហាអំណាចទាំងពីរនាសម័យនោះ ។ ផ្កាយរណបដំបូងបំផុតរបស់សហរដ្ឋអាមេរិកឈ្មោះ អ៊ិចផ្លរើ (Explorer) ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ប៉ុន្តែពេលនោះ សហភាពសូវៀតសម្រេចបានសមិទ្ធផលធំធេងមួយផ្សេងទៀតបាត់ទៅហើយ តាមរយៈការបញ្ជូនសុនខមួយក្បាលឱ្យគោចរជុំវិញផែនដីក្នុងយានអវកាស-ផ្កាយរណបឈ្មោះ ស្ពូតនិក២ (Sputnik 2) ។
សូមបញ្ជាក់ថា កម្មវិធីអវកាសរបស់សូវៀតបានបន្តទទួលជោគជ័យជាច្រើនផ្សេងទៀតមុនសហរដ្ឋអាមេរិកនៅចន្លោះចុងទសវត្សរ៍ ១៩៥០-១៩៦០ ដូចជាការបញ្ជូនមនុស្សឡើងទៅទីអវកាស ការចេញបណ្តែតខ្លួនក្នុងទីអវកាស (Space Walk) ការគោចរនៅជុំវិញព្រះច័ន្ទ និងការបញ្ជូនយានឱ្យចុះចតនៅលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព ប៉ុន្តែមិនមានមនុស្សទៅជាមួយទេ ។ សហរដ្ឋអាមេរិកក៏បានបោះជំហានយ៉ាងធំនាំមុខសូវៀតវិញ នៅចុងទសវត្សរ៍ ១៩៦០ តាមរយៈកម្មវិធី អាប៉ូឡូ (Apollo) ដែលបានបញ្ជូនអវកាសយានិកពីររូបនៃបេសកកម្ម អាប៉ូឡូ១១(Apollo 11) ឱ្យទៅជាន់លើផ្ទៃព្រះច័ន្ទនៅខែកក្កដា ឆ្នាំ១៩៦៩ ហើយត្រលប់មកវិញដោយសុវត្ថិភាព ៕ ប្រភព៖ Freshnews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner