អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់របស់សង្គមស៊ីវីល

ភ្នំពេញ : ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើការឆ្លើយតបទៅ នឹងការចោទប្រកាន់របស់សង្គមស៊ីវីលមួយចំនួនតូចទាក់ទងការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការនិងជាលក្ខខណ្ឌសម្រាប់ធ្វើជាមន្រ្តី គឺមិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ។

ឯកឧត្តម ជិន ម៉ាលីន (រូបថតឯកសារ)

អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាផ្អែកលើគោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ អាជ្ញាធរសាធារណៈ អាចកំណត់នូវលក្ខខណ្ឌមួយចំនួនបានក្នុងការជ្រើសរើសមន្រ្តីដូចជាលក្ខខណ្ឌ អាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់វ៉ាក់សាំង ជាដើម។ល។ រួមទាំងលក្ខខណ្ឌផ្សេងទៀតផងដែរ ដែលមានភាពចាំបាច់ និងដើម្បីធានាបាននូវគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពរបស់ស្ថាប័នដែលការកំណត់នេះ មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ព្រោះថា វាធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ ហើយជាពិសេសលក្ខខណ្ឌវ៉ាក់សាំងនេះ គឺដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩មិនមែនដើម្បី ប្រយោជន៍ឯកជននោះទេ។

ប្រភពដដែលបញ្ជាក់ទៀតថា ប្រសិនបើការកំណត់លក្ខខណ្ឌវ៉ាក់សាំងកតព្វកិច្ចនេះជាការរំលោភបំពានសិទ្ធិស្មើភាព គ្នាចំពោះមុខច្បាប់ ដូចសង្គមស៊ីវីចោទប្រកាន់មែននោះ ហេតុអ្វីក៏មិនលើកពីលក្ខណ្ឌផ្សេងទៀតដូចជាអាយុ បទពិសោធន៍ និងសញ្ញាបត្រ ជាដើម។ល។ ថាជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ផងដែរទៅ ព្រោះថាអ្នកដែលមិនអាចបំពេញបានលក្ខខណ្ឌទាំងនេះ មិនអាចប្រឡងធ្វើជាមន្រ្តីបាននោះទេ។

ឯកឧត្តម ជិន ម៉ាលីន បានបន្តថា សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មិនមែនមានន័យថាពលរដ្ឋត្រូវទទួលបាននូវលក្ខខណ្ឌ ដូចគ្នាទាំងអស់ពីរដ្ឋនៅគ្រប់ករណីនិងគ្រប់កាលៈទេសៈនោះទេ គឺអាចមានការលើកលែងហើយដែលករណី លើកលែងនេះ ធ្វើឡើងក្នុងស្ថានភាពចាំបាច់ និងដើម្បីប្រយោជន៍សាធារណៈ ដូចជាអនីតិជនមិនអាចបោះឆ្នោតបាន អ្នកធ្លាប់មានទោសពីបទឧក្រឹដ្ឋមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាមន្រ្តីរាជការនិងលោកសង្ឃមិនអាចបង្កើតបក្សនយោបាយ បាន ជាដើម។ល។ ដែលការកំណត់ទាំងនេះមិនមែនជាការបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ៕ ដោយ : ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner