ប្រធានគណៈមេធាវីកម្ពុជាបន្តចុះចែកអំណោយរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩

គិតតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ មកដល់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១នេះ ឯកឧត្តម លី ច័ន្ទតុលាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឈីវ ភិរម្យ បានដុតដៃដុតជើងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ តាមរយៈការចុះចែកអំណោយជូនប្រជាពលរដ្ឋ និង កម្មករកម្មារនី រោងចក្រចំនួន ៣១១៩ គ្រួសារ ដែលរស់នៅក្នុងភូមសាស្ត្រខ័ណ្ឌមានជ័យដែលបាននិងកំពុងជួបការខ្វះខាតដោយសារការបិទខ្ទប់ដោយជំងឺកូវីដ ១៩ ។ 

ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៌ថា “ពួកយើងជាមេធាវីចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងលទ្ធភាពដែលពួកយើងមាន។ ខ្ញុំក៏ជាពលរដ្ឋដែលរស់នៅក្នុងខ័ណ្ឌមានជ័យដែលជាតំបន់ក្រហមដែរ។ ពួកយើងជូនអំណោយទៅប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារមិនអាចដើរចេញក្រៅបាន។ ពួកយើងសង្ឃឹមថា អំណោយរបស់យើងបានចូលរួមអោយគាត់បន្តនៅតែក្នុងផ្ទះ ដែលជាវិធានការណ៌ដ៏មានប្រសិទ្ធិភាពមួយ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។” 

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន អោយដឹងថា ភរិយារបស់គាត់បានគិតគូរដល់ប្រជាពលរដ្ឋ ដូចជាមេផ្ទះរបស់ពួកគាត់អីចឹង ដោយអំណោយមានទាំងសម្រាប់មនុស្សធំមនុស្សចាស់ និង កុមារ។ អំណោយនេះរួមមាន (១)អង្ករ ១០គីឡូក្រាម (២)សាច់មាន់ស្រស់ៗកន្លះគីឡូ ឬជាសាច់ប្រហិត (៣)ស៊ុតមាន់ឬស៊ុតទាចំនួន ១០គ្រាប់ (៤)ឆៃប៉ូវ១កំប៉ុង (៥)ផ្អក១ប្រអប់ទំងន់កន្លះគីឡូ(៦)ទឹកដោះគោខាប់ ១កំប៉ុងដែលអាចអោយក្មេងឬមនុស្សចាស់ ឆុងជាមួយទឹកក្តៅញ៉ាំបានក្តៅៗ។អំណោយនេះក៏មាន ម្ហូបទើបចំអិនថ្មីៗជា (៧)កាពិផាវចំនួន ១កំប៉ុងតូច ដែលគាត់អាចទទួលទានបានភ្លាមៗពេលខ្លះគាត់ថែម(៨) នំប៉័ងជូន ២ឬ៣ដើមទៀត មានទាំង(៩) ទឹកក្រូចកំប៉ុងចំនួន៤កំប៉ុង (១០) មីម៉ាម៉ាចំនួន១៥កញ្ចប់ ជូន (១១) ម៉ាស ចំនួន២០សន្លឹក និងចុងក្រោយ គាត់ថែម (១២) ស្វាយស្រកៀល ២ឬ៣ផ្លែចឹងទៅញ៉ាំជាមួយផ្អក ឬជាមួយកាពិផាវ។ ពេលខ្លះក៏គាត់ជូនផ្លែក្រូចទៅគេដែរ។ សរុបទៅជាមធ្យម របស់ដែលយើងចែកមានចំនួន ជា ១០ ទៅ១២ មុខ។ ហើយជាមធ្យមចំណាយអស់ប្រហែល ២០ដុល្លារក្នុងមួយកញ្ចប់។ 

ទាក់ទងទៅនឹងរបៀបរបបនៃការចែក ឯឧ លី ច័ន្ទតុលា បានទាក់ទងជាមុន ជាមួយអាជ្ញាធរមូលដ្ឋានជាមុនដែលរួមមាន ខាងខ័ណ្ឌ សង្កាត់ និង មេភូមិ។  

ឯឧ លី ច័ន្ទតុលា បានបញ្ជាក់ថា អ្នកដែលជាសប្បរសជនទាំងអស់ មិនគួរទៅចុះចែកអំណោយដោយគ្មានការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាមុននោះទេ។ ព្រោះថា សកម្មភាពដែលមិនបានរៀបចំទុកអោយបានត្រឹមត្រូវ អាចធ្វើអោយមានការប្រមូលផ្តុំ និង បន្ទាប់មកមានការឆ្លងរីករាលដាលនៅក្នុងចំណោមអ្នកដែលមកទទួលអំណោយនេះវិញទៀតផង។  

“ពួកយើងមានរបៀបធ្វើការរបស់ពួកយើងយ៉ាងជាក់លាក់ ដែលជំហាននីមួយៗត្រូវបានយកចិត្តទុកដាក់ជាចំបង លើបញ្ហាអនាម័យនិងគម្លាតសង្គម។ ប្រូតូកូលនៃការងារនេះ យើងហៅថា ជាច្បាប់របស់ម្ចាស់អំណោយហើយអ្នកស្នើសុំអំណោយទាំងអស់ ត្រូវតែគោរពតាម”។ 

ឯឧ លី ច័ន្ទតុលា បានអោយដឹងថា ដំបូងឡើយគឺមានតែគាត់និងភរិយារបស់គាត់ទេ ដែលនេះជាគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន។ បន្ទាប់ពីមានការផុសតាមហ្វេសបុក ក៏មានមេធាវី និងសប្បរសជនជាច្រើននាក់ចូលរួមដែរ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមចំនួនខ្ទង់ ២៦០នាក់ ដែល ភាគច្រើនលើសលប់ជាមេធាវី។ ឯឧលី ច័ន្ទតុលា មានម្ចាស់ជំនួយធំមួយ គឺក្រុមហ៊ុន  CP Cambodia Co.Ltd ដែលបានជួយសាច់សរុបចំនួន១៤៥០គីឡូក្រាម និងជួយស៊ុតសរុបចំនួន២ម៉ឺនគ្រាប់។ ហើយសាច់ដែលខ្វះ និង ស៊ុតដែលខ្វះ ដើម្បីចែកបានដល់ចំនួន ៣១១៩គ្រួសារ គឺភរិយារបស់ ឯឧ លី ច័ន្ទតុលា គាត់បានបញ្ជាទិញពីផ្សាបន្ថែម។ 

នេះជាគំនិតផ្តួចផ្តើមមួយដែលជួយប្រជាពលរដ្ឋដែលបានជួបការខ្វះខាត ដោយសារការបិទខ្ទប់ ដែលជាវិធានការសំដៅដល់ការផ្តាច់ការរីករាលដាលនៃជំងឺកូវីដ ១៩។ 

ទឹកចិត្តសប្បរសដ៏មិនអាចកាត់ថ្លៃបានរបស់ឯឧ លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣រូបនេះ បានក្លាយជាគំរូមួយនៃសង្គមកម្ពុជា ដែលគ្រប់គ្នាគួរយកជាតម្រាប់តាម៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner