សម្តេច​តេ​ជោ​បាន​រំលឹក​ដល់​នគរបាលជាតិ រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទន្ទឹម​នឹង​កោតសរសើរ​ក៏ បាន​ដាស់តឿន​ដល់​កងកម្លាំង​នគរបាលជាតិ​ឱ្យ​បន្ត​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​កម្លាំង​ស្នូល ដោយ​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់ និង បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​ដោយ​មិន​ឲ្យ​ពួក​ឧទ្ទាម​សម្រេច​ផែនការ​ទុច្ចរិត របស់​ពួកគេ​ជាដាច់ខាត​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ការលើកឡើង​នេះ​បានបង្ហាញ​នៅក្នុង​សារលិខិត​ចំនួន​បួន​ទំព័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ទិវា​រំ​ឮ​ក​ខួប​អនុស្សា​រី​យ៍​លើក​ទី​៧៦១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើត​នគរបាលជាតិ​។​

​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​សារលិខិត​ថា​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ខាងមុខនេះ​ស្រប​ពេលដែល​សង្គ្រាម​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​និង​ពុំ​អាច​កំណត់​ពេលវេលា​បញ្ចប់​បានច្បាស់លាស់​នោះ សភាពការណ៍​សន្តិសុខ​សកលលោក​ក៏​នៅតែ​បន្ត​ប្រែប្រួល​ស្មុគស្មាញ​ពោរពេញ​ដោយ​គ្រោះថ្នាក់​ហើយនឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​បរិយាកាស​សន្តិសុខ​នៅ កម្ពុជា​យើង​ជាក់​ជាមិនខាន​ឡើយ ។​

​សម្តេច​តេ​ជោ​បាន​ទាញ​ការចាប់អារម្មណ៍​ដល់ក​ង​កម្លាំង​នគរបាលជាតិ​ថា “​ក្នុងខណៈពេល​ដូចគ្នានេះដែរ​ព្រះរាជាណាចក្រ កម្ពុជា​នឹងត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​រៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ ២០២២ ដែលជា​គោលដៅ​នៃ​ការប៉ុនប៉ង​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​ដើម្បី​បំផ្លាញ​កិច្ចដំណើរការ​នៃ​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​នេះ ។ ដូចនេះ​ស្ថានការណ៍​នាពេលខាងមុខ​ទោះបី​តិច​ឬ​ច្រើន ផ្ទាល់​ឬ​ប្រយោល សុទ្ធ​តែមាន​ផលប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃក្នុង​យ៉ាងពិត​ប្រាកដ ដែល​បញ្ហា​ទាំងអស់នេះ​តម្រូវ​ឲ្យ​កងកម្លាំង​នគរបាលជាតិ​បន្ត​ពង្រឹងស្មារតី​ប្តេជ្ញាចិត្ត​ខ្ពស់​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​កម្លាំង​ស្នូល រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​ដោយ​មិន​ឲ្យ​ពួកគេ​សម្រេច​ផែនការ​ទុច្ចរិត​ទាំងនេះ​បានជា​ដាច់ខាត​”​។​

​សម្តេច​តេ​ជោ​បាន​បន្តថា​ទន្ទឹមគ្នា​នេះដែរ​ការគំរាមកំហែង​ដោយ​អំពើ​ភេរវកម្ម​អន្តរជាតិ ការរីក​រាលដាល​នៃ​ឧក្រិដ្ឋកម្ម ឆ្លងដែន​ការបន្ត​កើតឡើង​នូវ​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី​និង​កុមារ បទល្មើស​បច្ចេកវិទ្យា ការ​នាំចូល​ចរាចរណ៍​ឱសថ និង ផលិតផល​ក្លែងក្លាយ​ខូចគុណភាព អំពើហិង្សា​ក្នុង​គ្រួសារ សកម្មភាព​ក្មេង​ទំនើង​។​ល​។​នៅតែ​ជា​ប្រធានបទ​ស្មុគស្មាញ​ដែល​ត្រូវតែ​បន្ត​ខិតខំ​រិះរក​វិធានការ​គន្លឹះ​ដោះស្រាយ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្លាយជា​សសរស្តម្ភ​ដ៏​រឹងមាំ​បម្រើ​ឲ្យ​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា​កិច្ចការ​ទាំងអស់នេះ​គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​និង​មាន​ភាពស្មុគស្មាញ​សម្រាប់​កងកម្លាំង​នគរបាលជាតិ ប៉ុន្តែ​សម្តេច​នៅតែមាន​ក្តីសង្ឃឹម​ប្រកបដោយ​សុទិដ្ឋិនិយម​ចំពោះ​មនសិការ​ស្នេហា​ជាតិ មាតុភូមិ​និង​ភក្តីភាព​របស់ កងកម្លាំង​នគរបាលជាតិ​និង​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​បន្តសកម្មភាព បង្កើត​ស្នាដៃ ប្រែក្លាយ​ការ​ប្រឈម​ទៅជា កាលានុវត្តភាព​ដើម្បី​បង្កើត​នូវ​សក្តានុពល រួមចំណែក​រក្សា​សន្តិភាព​និង ភាពសុខសាន្ត​រុងរឿង​ជូន​ប្រទេសជាតិ ៕​ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner