ដើម្បីអបអរទិវាអន្តរជាតិស្តីពីគ្រួសារ សម្តេចតេជោ អំពាវនាវ ៩ចំណុច ផ្តោតលើការលើកកម្ពស់សង្គម

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតមួយ ដោយបានលើកឡើងថា នៅក្នុងឆ្នាំនេះ យើងប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនេះ ក្រោមប្រធានបទ “កម្លាំងសេវាសង្គម មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ” ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា កម្លាំងសេវាសង្គម គឺជាក្រុមជនអ្នកមានជំនាញផ្នែកផ្តល់សេវាសង្គម ដូចជាការងារសង្គមកិច្ច អប់រំ សុខាភិបាល យុត្តិធម៌ ការងារ និងការគ្រប់គ្រងមូលដ្ឋានការជួយគាំទ្រដល់គ្រួសារ។

ក្នុងសាលិខិតសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ៩ចំណុច ដោយផ្តោតលើការលើកកម្ពស់សង្គម ដែលក្នុងនោះមានដូចជា៖

១- គ្រួសារនិងសហគមន៍នីមួយៗត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួន។

២- បន្តពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាសុខុមាលភាព ជីវភាពប្រក្រតីរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

៣- មាតា បិតា អាណាព្យាបាលត្រូវអប់រំ ណែនាំកូនចៅកុំទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងត្រូវថែរក្សាសុខភាព អនាម័យ លាងដៃនឹងទឹកសាប៊ូឱ្យបានញឹកញាប់តាមការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសបន្តអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ” ជាប្រចាំ។

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រងាយរងគ្រោះ ជាពិសេសការអនុវត្តបន្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ការបង្កើតឱ្យមានកម្មវិធីការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការសិក្សាបង្កើតនូវគោលនយោបាយជាតិគាំពារសង្គមនិងការរៀបចំឱ្យមានការផ្តល់របបគោលនយោបាយគ្រួសារក្រីក្រ នៅតាមសហគមន៍តាមរយៈការអនុវត្តបណ្ណសមធម៌ក្រីក្រទាំង២កម្រិត ជាលក្ខណៈកម្មវិធីកញ្ចប់គ្រួសារដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនាពេលបច្ចុប្បន្នការរៀបចំកម្មវិធី

គ្រួសារគំរូនៅតាមសហគមន៍និងរៀបចំឱ្យមានការចុះសួរសុខទុកគ្រួសារគំរូ និងគ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩នៅតាមសហគមន៍តាមគន្លងថ្មី ។

៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគមទូរទស្សន៍រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងតាមទូរទស្សន៍សាធារណៈផ្សេងៗ ពីតួនាទីនិងគុណតម្លៃគ្រួសារ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំដោយរៀបចំការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក និងជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំជាបដាផ្សព្វផ្សាយឬសកម្មភាពតាមគន្លងថ្មី នៅតាមអង្គភាពក្រោមឱវាទ។

៦- នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការរៀបចំឱ្យបានទូលំទូលាយនិងផុសផុល ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាពិសេសជំរុញដល់ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ។

៧- ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការជួយគាំទ្រដល់សកម្មភាពកម្មវិធីអភិវឌ្ឍគ្រួសារទាំងថវិកានិងធនធានមនុស្ស ។

៨- ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អុំមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសូមព្រះមេត្តានិងមេត្តាចូលរួមចំណែកតាមគ្រប់លទ្ធភាពក្នុងការជួយផ្តល់ដំបូន្មានល្អៗដល់សមាជិកគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាមប្រកបដោយស្មារតីខ្ពស់ដូចទស្សនៈលើកឡើងថា «មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ»។

៩- គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីរបស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតាព្រមទាំងផ្សព្វផ្សាយអំពីការអប់រំទូន្មានកូនចៅ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner